ការរីកចម្រើននៃក្រុមហ៊ុនថ្មីៗជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ បានធ្វើឲ្យក្រុមហ៊ុនមួយចំនួនបាត់បង់អតិថិជន និងមានទីផ្សារចង្អៀត។ ម្ល៉ោះហើយ ក្រុមហ៊ុនទាំងនោះចាប់ផ្ដើមងាកមកបង្កើតអ្វីដែលថ្មី ក្នុងការស្រូបទាញអតិថិជនមកវិញ។
បើតាមលោក គៀ លាងស្រ៊ុន ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Cambodia Life បានទម្លាយថា ប្រជាជននៅកម្ពុជាភាគតិចណាស់ចាប់អារម្មណ៍លើសេវាកម្មធានារ៉ាប់រងអាយុជីវិត ពោលគឺ ១% នៃប្រជាជនសរុប ស្មើនឹង ជាង១៥ម៉ឺននាក់ប៉ុណ្ណោះ។ ពេលអតិថិជនឮពាក្យថា ស្លាប់ គាត់ខ្លាច ដែលពេលខ្លះភ្នាក់ងាររបស់លោកជួបការលំបាកក្នុងការបកស្រាយ ពន្យល់ពួកគាត់ បើទោះសេវាធានារ៉ាប់រងអាយុជីវិតផ្ដល់អត្ថប្រយោជន៍ដល់ពួកគាត់ច្រើនក៏ដោយ។
លោក Tondy Suradiredja មន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន Cambodia Life ប្រាប់ថា សព្វថ្ងៃការប្រកួតប្រជែងកាន់តែច្រើនពីក្រុមហ៊ុនមកពីបរទេស។ ជាក់ស្ដែងកាលពីឆ្នាំ២០១២ ក្រុមហ៊ុនក្នុងស្រុកនេះជាប់ចំណាត់ថ្នាក់លេខ១ និងទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៀតផង។ ប៉ុន្តែបច្ចុប្បន្នធ្លាក់មកលេខ៣ ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន៤នៅកម្ពុជា។
លោក គៀ លាងស្រ៊ុន និងលោក Tondy Suradiredja នេះមិនបានបង្ហាញពីកំសោយនោះឡើយ ព្រោះលោកជឿជាក់ថា ក្រុមហ៊ុនកាន់តែច្រើន រឹតតែជួយបង្កើនសមត្ថភាពក្រុមហ៊ុនលោកទៅវិញទេ។ លើសពីនេះ ជាយុទ្ធសាស្រ្តក្រុមហ៊ុននេះចាប់ផ្ដើមស្វែងរកផលិតផល ឬសេវាកម្មអ្វីដែលថ្មីនិងប្លែកពីគេសម្រាប់អតិថិជនដើម្បីងាយស្រួល និងទំនុកចិត្តខ្ពស់បំផុត។ ជាក់ស្ដែងកាលពីថ្មីៗ ក្រុមហ៊ុននេះទទួលបានការចាប់អារម្មណ៍ពីធនាគារក្រៅស្រុក គឺធនាគារ PhillipBank រួមគ្នាបង្កើតគណនីប្រាក់បញ្ញើមានការកំណត់បន្ថែម។ ជាសុទិដ្ឋិនិយម លោកគិតថា សូម្បីទីផ្សារក្រៅស្រុកក៏ជឿលើទីផ្សារក្នុងស្រុក ដូច្នេះភាពរីកចម្រើននឹងចាប់ផ្ដើម។
រីឯ នាយកប្រតិបត្តិប្រចាំធនាគារ PhillipBank Cambodia លោក Han Peng Kwang បញ្ចេញយោបល់ថា ធម្មតាការរកស៊ី ការប្រកួតប្រជែងត្រូវតែមាន។ ទោះបច្ចុប្បន្នមានធនាគារជាង៤០ដែលត្រូវប្រកួតប្រជែងយ៉ាងណាក្ដី តែអ្វីដែលត្រូវចាប់អារម្មណ៍ខ្លាំង គឺក្រុមហ៊ុនលោកត្រូវស្វែងរកតម្រូវការជូនអតិថិជនឲ្យប្លែកនិងងាយស្រួល។
លោកថា ចំពោះគម្រោងដែលត្រូវធ្វើជាបន្តបន្ទាប់គឺបង្កើតផលិតផលដែលផ្ដល់អត្ថប្រយោជន៍ជូនអតិថិជន។ ដូចសេវាកម្មថ្មីនេះដែរ សារៈសំខាន់ដែលអតិថិជនទទួលបានគឺអ្នកដាក់ប្រាក់បញ្ញើនឹងបានធានារ៉ាប់រងអាយុជីវិតស្មើនឹងទំហំសាច់ប្រាក់ដែលពួកគេបានតម្កល់នៅធនាគារលោក៕
មតិយោបល់