ក្រុងបាងកកៈ បណ្តាក្រុមហ៊ុន និងសភាពាណិជ្ជកម្មបរទេសកាលពីថ្ងៃសុក្រ បានចូលរួមមរណទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត របស់ប្រទេសថៃ និងបានសម្តែងនូវជំនឿជឿជាក់ថាសេដ្ឋកិច្ចរបស់ប្រទេសនឹងមិនរងផលប៉ះពាល់ពីសោកនាដកម្មនេះឡើយខណៈដែលការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចនឹងបន្តទៅមុខ។
លោក Stanley Kang ជាប្រធានសភាពាណិជ្ជកម្មរួមគ្នារបស់បរទេសបានឲ្យដឹងថាស្ថាប័នរបស់លោក និងសមាជិកសូមចូលរួមមរណទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋថៃទាំងអស់។
លោកថ្លែងថា៖ «ព្រះមហាក្សត្របានចូលរួមចំណែកជាច្រើនដល់ប្រទេស និងសេដ្ឋកិច្ចថៃជាពិសេសការអភិវឌ្ឍក្នុងវិស័យកសិកម្ម»។
លោកបន្តថាប្រទេសថៃបានធ្វើដំណើរលើផ្លូវយ៉ាងវែងឆ្ងាយមុនពេលក្លាយទៅជាប្រទេសឈានមុខមួយក្នុងតំបន់នៅក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះរយៈពេល ៧០ ឆ្នាំ។
លោក Kang និយាយថាវិនិយោគិនបរទេសនៅតែមានជំនឿជឿជាក់ទៅលើប្រទេសថៃ និងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះដំណឹងសោកនាដកម្មនេះនឹងមិនមានឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះឡើយ។
សមាគមអាជីវកម្ម និងពាណិជ្ជកម្មអឺរ៉ុប (EABC) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាសមាគមសូមចូលរួមជាមួយប្រជាជនថៃ និងព្រះរាជវង្សានុវង្សក្នុងការកាន់ទុក្ខព្រះសព ព្រះមហាក្សត្រ និងអធិដ្ឋានឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់សុគតិភព។
សេចក្តីថ្លែងការណ៍របស់ EACB ឲ្យដឹងថា៖ «ជាអ្នកដឹកនាំដ៏ល្អប្រសើរព្រះអង្គបានបំពេញព្រះរាជកិច្ចដោយមិនខ្លាចនឿយព្រះកាយដើម្បីការអភិវឌ្ឍប្រទេសរបស់ព្រះអង្គ និងបង្ហាញព្រះទ័យប្តេជ្ញារបស់ព្រះអង្គក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនថៃ»។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថាជាមួយព្រះប្រាជ្ញាញាណប្រកបទៅដោយសេចក្តីច្នៃប្រឌិត និងការជំរុញការបង្កើតថ្មីព្រះអង្គបានផ្តួចផ្តើមបង្កើតបច្ចេកវិទ្យាជាច្រើនដែលទទួលបានការកោតសរសើរនៅទូទាំងពិភពលោក។
សេចក្តីថ្លែងការណ៍នេះឲ្យដឹងទៀតថា៖ «ព្រះមហាក្សត្រ ភូមិបុល នឹងត្រូវបានចងចាំជាពិសេសនៅតំបន់អឺរ៉ុបដោយសារតែព្រះទ័យប្តេជ្ញាដ៏ប៉ិនប្រសប់របស់ព្រះអង្គក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក Rolf-Dieter Daniel ប្រធាន EABC ថ្លែងថា៖ «ឥឡូវនេះពុំមានឥទ្ធិពលធំដុំលើសេដ្ឋកិច្ចថៃទេហើយខ្ញុំយល់ថារដ្ឋាភិបាលកំពុងតែគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ»។
លោក Daniel និយាយថាលោកលើកទឹកចិត្តប្រទេសថៃឲ្យបន្តប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីជួយប្រទេសថៃទទួលបានការប្រកួតប្រជែងឡើងវិញ។
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសថៃក៏បានសម្តែងមរណទុក្ខជាមួយប្រជាជនថៃនៅអំឡុងពេលដ៏សោកសៅនេះដែរ។
សេចក្តីថ្លែងការណ៍របស់ស្ថាប័ននេះឲ្យដឹងថា៖ «ព្រះអង្គនឹងត្រូវបានចងចាំថាជាព្រះមហាក្សត្រដែលពេញព្រះទ័យលើទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រជាជន និងទឹកដីរបស់ព្រះអង្គ។
សេចក្តីថ្លែងការណ៍នេះបន្តថាព្រះមហាក្សត្របានផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ជាច្រើនរាប់តាំងពីកសិកម្ម និងធារាសាស្រ្តរហូតដល់សុខភាពសាធារណៈ និងការសិក្សាពីចម្ងាយ។
លោក Isara Vongkusolkit ប្រធានសភាពាណិជ្ជកម្មថៃថ្លែងថាវាមិនអាចប្រកែកបានឡើយថាក្នុងរយៈពេលគ្រងរាជ្យជាង ៧០ ឆ្នាំរបស់ព្រះអង្គ ព្រះមហាក្សត្របានទទួលការគោរព និងទទួលស្គាល់មិនត្រឹមតែពីប្រជាជនថៃប៉ុណ្ណោះទេគឺថែមទាំងជនបរទេសផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គដើម្បីការរីកចម្រើនរបស់ប្រជាជនថៃជាពិសេសប្រជាជនក្រីក្រតាមរយៈបណ្តាព្រះរាជគម្រោងរបស់ព្រះអង្គ។
លោកថ្លែងថា៖ «សភាពាណិជ្ជកម្មថៃប្តេជ្ញាបន្តព្រះរាជគម្រោង និងបន្តអនុវត្តគម្រោងដែលស្ថិតក្រោមទស្សនៈសេដ្ឋកិច្ចពឹងផ្អែកលើខ្លួនឯងរបស់ព្រះអង្គដើម្បីដោះស្រាយជាមួយនឹងគម្លាតប្រាក់ចំណូលនៅក្នុងសង្គមព្រមទាំងផ្សព្វផ្សាយទស្សនៈនេះទៅទូទាំងពិភពលោក»៕
មតិយោបល់