ទីផ្សារភាគហ៊ុន និងតម្លៃរូបិយប័ណ្ណប្រទេសថៃបានកើនឡើងនៅថ្ងៃសុក្រទី ១៤តុលានេះ ក្រោយមហាក្សត្រថៃភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតបានមួយថ្ងៃ។
ព្រះចៅភូមិបុល បានឡើងគ្រងរាជសម្បត្តិអស់រយៈពេលជាង ៧០ឆ្នាំ និងសោយទិវង្គតនាព្រះជន្មាយុ ៨៨ព្រះវស្សា កាលវេលាម៉ោង ៣៖៥២នាទីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សន្ទស្សន៍ផ្សារភាគហ៊ុនថៃបានកើនឡើង ៣,៥% ដែលបានស្ដារឡើងវិញនូវចំនួនខាតបង់ខ្លះ កាលប៉ុន្មានថ្ងៃមុន ចាប់តាំងពីរាជវាំងថៃជូនដំណឹងពីស្ថានភាពមហាក្សត្រមិននឹងនកាលពីថ្ងៃអាទិត្យកន្លងទៅ។ ចំណែកតម្លៃលុយបាត បានកើនឡើងជិត ២% ឬ ១ដុល្លារអាមេរិកស្មើនឹង ៣៥,២០៨បាត ត្រឹមម៉ោង១១៖២០នាទីព្រឹកនេះ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៩តុលា ឆ្នាំ២០១៥ មក។
អ្នកវិភាគទីផ្សារសិង្ហបុរីមកពី CMC Market អ្នកស្រី Margaret Yang ប្រាប់ថា ភាពមិនប្រក្រតី និងការទស្សន៍ទាយជុំវិញព្រះរាជសុខភាពមហាក្សត្រថៃ បានធ្វើឲ្យទីផ្សារភាគហ៊ុន និងលុយបាតធ្លាក់ចុះយ៉ាងខ្លាំង៕
មតិយោបល់