ពិតជាមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមមែន ពេលនេះសាខាធំរបស់ Starbucks ប្រចាំកម្ពុជា និង ជាសាខាចម្បង (Flagship Store) ថ្មីបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍បានបើក សម្ពោធធ្វើអាជីវកម្មហើយកាលពីព្រឹកមិញនេះ ក្នុងសង្កាត់បឹងកេងកង១ ដោយមានការប្រារព្ធកម្មវិធីយ៉ាងឧឡារិកបំផុតមិនធ្លាប់មាន ខណៈអតិថិជនតម្រង់ជួរគ្នាទិញ។
កម្មវិធីសម្ពោធបើកសាខាចម្បងដ៏ធំនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Starbucks នៅសហរដ្ឋអាមេរិក និង នៅហុងកុង តំណាងស្ថានទូតសហរដ្ឋអាមេរិក និងភ្ញៀវកិត្តិយសធំៗជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ បានបង្ហាញពីអារម្មណ៍រីករាយចំពោះវត្តមានរបស់ Starbucksនៅកម្ពុជាដែលបានចូលរួមបង្កើតការងារជាច្រើនដល់យុវជនខ្មែរជំនាន់ក្រោយ ហើយឯកឧត្ដមក៏សង្ឃឹមថា Starbucks នឹងបន្តពង្រីកសាខាខ្លួនកាន់តែច្រើនកន្លែងថែមទៀត ពិសេសគឺបើកសាខានៅខេត្តសៀមរាប និង ក្រុងព្រះសីហនុ ។
លោក Mark Ring ប្រធានគ្រប់គ្រងក្រុមហ៊ុនកាហ្វេStarbucks ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក)
លោក Mark Ring ប្រធានគ្រប់គ្រងក្រុមហ៊ុនកាហ្វេStarbucks ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថាសាខាចម្បងក្នុងតំបន់បឹងកេងកង១នឹងក្លាយជាមុខមាត់ថ្មីមួយរបស់ម៉ាកកាហ្វេល្បីឈ្មោះមួយនេះនៅកម្ពុជា។ លោកបន្តថា៖ «យើងមានមោទនភាពដែលបាននាំយកបទពិសោធន៍កាហ្វេ Starbucks មកកាន់កម្ពុជា ។ កាន់តែពិសេស និង មាននៅសាខាចម្បងថ្មីបំផុតរបស់យើងតែមួយគត់ គឺអ្នកស្នេហាកាហ្វេទាំងអស់នៅកម្ពុជានឹងទទួលបានបទពិសោធន៍ថ្មី កាន់តែប្រសើររបស់កាហ្វេល្អបំផុតប្លែកៗ គ្នាពីជុំវិញពិភពលោក តាមរយៈ Starbucks Reserve™កាហ្វេបា »
លោក Por Lim អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Coffee Concept ដែលជាដៃគូនាំចូលកាហ្វេStarbucks មកកម្ពុជាក៏បានលើកឡើងថានៅសាខាចម្បង Starbucks Flagship Store នេះពិតជាពិសេសប្លែកគេ ព្រោះក្រៅពីមានផ្ដល់ជូនកាហ្វេរសជាតិកម្រយ៉ាងសម្បូរបែបមកពីជុំវិញពិភពលោក ថែមទាំងមានទីតាំងធំទូលាយឌីហ្សាញទាក់ទាញរួមផ្សំលក្ខណៈខ្មែរច្រើន។
(លោក Por Lim អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Coffee Concept)
«យើងជឿជាក់ថាទីតាំងថ្មីកាន់តែអំណោយផលសម្រាប់អតិជនStarbucks ដែលចូលចិត្តចំណាយពេលនៅហាងកាហ្វេច្រើន ដោយផ្ដល់នូវបរិយាកាសកាន់តែមនោរម្យ លំហែអារម្មណ៍ សម្រាប់ការជួបជុំមិត្តភក្តិ ឬ ធ្វើការងារផ្សេង។ ទីតាំងថ្មីនេះសង់នៅលើផ្ទៃដីទំហំ៦៥០ម៉ែត្រការ៉េមានរៀបចំកន្លែងអង្គុយច្រើនបែបផែន និងអាចទទួលអតិថិជនបានរហូតដល់ទៅ២០០នាក់ ។»
មិនខុសប្លែកពីកា របើកសម្ពោធហាងនៅសាខាមុនៗឡើយ Starbucks មានកម្មវិធីពិសេសដូចជាផ្ដល់កាដូដបទឹក Starbucks ដ៏ស្រស់ស្អាត ជូនដល់អតិថិជន២៥០នាក់ដំបូង និងជូនប័ណ្ណបញ្ចុះតម្លៃ២០%សម្រាប់រាល់ការទិញកាហ្វេ Starbucks Reserve™ ជាលើកទីមួយ ។
មតិយោបល់