ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា គម្រោងការងារនគរបាល និងសហគមន៍ (CPI) បានជួយបង្កើន និងពង្រឹងសមត្ថភាព ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងឥរិយាបថ ទំនាក់ទំនងការងារ ជាពិសេសការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី៤ គណៈកម្មការដឹកនាំគម្រោងការងារនគរបាល និងសហគមន៍នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ក្រោយពីអនុវត្តគម្រោងនេះបានផ្លាស់ប្ដូរឥរិយាបថរបស់មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាល បានល្អប្រសើរច្រើន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ឯកឧត្តមបានប្រសាសន៍បន្តទៀតថា តាមរយៈគម្រោងនេះក៏បានធ្វើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមការយកចិត្តទុកដាក់ គាំទ្រទាំងសម្ភារៈ ថវិកាសម្រាប់បម្រើការដល់ការងារមន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងនោះដែរថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ម៉ូតូ ១គ្រឿង សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជំនួសមុខឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រដ្ឋាភិបាលអូស្ត្រាលី មន្ត្រីស្ថានទូតអូស្ត្រាលី ដែលបានសម្របសម្រួល និងឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ដល់គម្រោងនេះផងដែរ និងថ្លែងអំណរគុណដល់ក្រុមការងារ សហការី គម្រោង និងមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលកិច្ចការប៉ុស្តិ៍រដ្ឋបាលដែលតែងតែខិតខំប្រឹងប្រែងក្នុងការងារអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានបញ្ជាក់ដែរថា ឆ្នាំទី២ នៃគម្រោងនេះត្រូវបានបញ្ចប់ ហើយគម្រោងបានបន្ត ឆ្នាំទី៣ ដែលមានរយៈពេលមួយឆ្នាំ (ខែកក្កដា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩) ហើយជាឆ្នាំចុងក្រោយនៃគម្រោង ឯកឧត្តមបានបញ្ជាក់ដែរថា ទោះបីជាគម្រោងត្រូវបានបញ្ចប់ ឬក៏នៅបន្តទៀតក៏ដោយ ឯកឧត្តមនឹងបន្តនិរន្តភាពការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្តទៀតផងដែរ ព្រោះថាគម្រោងការងារនគរបាល និងសហគមន៍នេះ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ៕
មតិយោបល់