ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពីការប្រប្រយុទ្ធប្រឆាំងគ្រោះអគ្គីភ័យនិងការជួយសង្គ្រោះ នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅសាលសន្និសីទអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរាជធានីភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ឯក អេង វ៉ាន់ធី អនុប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ភាគីបារាំង លោក ERIC PEUCH ទីប្រឹក្សាថ្នាក់តំបន់ផ្នែកសន្តិសុខស៊ីវិល និងជាអ្នកជំនាញបច្ចេកទេសអន្តរជាតិ ប្រចាំនៅប្រទេសសិង្ហបុរី រួមទាំងគ្រូបង្គោល២រូប គឺលោកអនុសេនីយ៍ BENJAMIN BELLEUVRE (បេនជេមីន បេឡេវ្រ៉េ ) អនុប្រធានក្រុមនៃមជ្ឈមណ្ឌល CIS នៅតំបន់ Saintes និងលោកព្រិន្ទបាលឯក EMMANNUEL DANNA (អេម៉ានូអ៊ែល ដានណា) ប្រធានក្រុមនៃមជ្ឈមណ្ឌល CIS នៅតំបន់ LA Rochelle (ឡារ៉ូស្ហែល) អញ្ជើញ ចូលរួមផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ ឯក អេង វ៉ាន់ធី បានមានប្រសាសន៍ក្នុងសិក្ខាសាលាថា «រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់បំផុត លើបញ្ហាគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ ក្នុងនោះក៏មានគ្រោះអគ្គិភ័យផងដែរ ។ គ្រោះអគ្គិភ័យបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះវាធ្វើឲ្យខូច ខាត បាត់បង់ទ្រព្យសម្បត្តិ អាយុជីវិត និងបរិស្ថាន ។ ផ្តើមចេញពីបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ក្នុងការពង្រឹងវិធានការបង្ការ និងពន្លត់អគ្គិភ័យ តាមរយៈ ជំរុញការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យតាមគ្រប់រូបភាព ពិសេសតាមរយៈវេទិកា សាធារណៈ វេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រៀបចំការហ្វឹកហាត់ដល់ក្រុមប្រជាការពារស្ម័គ្រចិត្ត តាមភូមិឃុំក្រុមអគ្គិភ័យកាតព្វកិច្ច តាមបណ្តាស្ថាប័នរដ្ឋ និងឯកជន ឲ្យមានសមត្ថភាព ចំណេះដឹង និងមានលទ្ធភាពម្ចាស់ការពន្លត់អគ្គិភ័យគ្រាដំបូង ។»
យោងតាមនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះអគ្គិភ័យ ក្នុងរយៈពេល១១ខែ ចុងឆ្នាំ២០១៨នេះ បានកើតឡើង៤៣៣លើកដោយសារភ្លើងទៀនធូប ២៣លើក , ដោយ មនុស្សដុត២២លើក, ផ្ទុះហ្គាស១០លើក, និងករណីផ្សេងទៀត២២លើក ។ គ្រោះថ្នាក់អគ្គិភ័យ១១ខែចុងក្រោយ នេះ បានបង្កអោយមានមនុស្សស្លាប់២១នាក់ , រងរបួសមនុស្ស៧៥នាក់ , ឆេះផ្ទះ៤០៥ខ្នង, ឆេះកុដិលោក ២៣ខ្នង, ឆេះរថយន្ត៤៥គ្រឿង , ឆេះម៉ូតូ៤៦គ្រឿង , ឆេះកង់៣៩គ្រឿង, ឆេះប្រាក់រៀល ២,៧៤៩,១៦៨,០០០ រៀល និងឆេះប្រាក់ដុល្លារ ៨៦,២១៧,៨៦៥ដុល្លារ ។
វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ រវាងពីថ្ងៃទី១២ដល់ថ្ងៃទី១៦ វិចិ្ឆកា ឆ្នាំ២០១៨ មានសិក្ខាកាមចូលរួមចំនួន ១៧រូប មកពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ ចំនួន ៨រូប , ស្នងការនគរបាលរាជធានីភ្នំពេញ៤រូប , ស្នងការនគរបាកលខេត្តបន្ទាយមានជ័យ១រូប , មន្ត្រីនគរបាលស្នងការដ្ឋានខេត្តកណ្តាល២រូប , ស្នងការដ្ឋានខេត្តបាត់ដំបង១រូប , និងស្នងការដ្ឋានខេត្តព្រះសីហនុ១រូប ៕
មតិយោបល់