ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីលួច (លួចកំណាត់ឈើនៅក្នុងផ្ទះដែលត្រូវតុលាការ បិទសៀលឃ្លុំបេ) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១និង៤០នាទី នៅចំណុចផ្ទះ លេខ៤C ផ្លូវ លេខ៦១៦ ក្រុមទី៨៥ ភូមិ១៨ សង្កាត់ បឹងកក់ ទី២ ខណ្ឌទួលគោក។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យឈ្មោះ សែម ពៅ ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ (ដេកចល័តលើម៉ូតូកង់បី) មានទីកន្លែងកំណើត ភូមិដូងធំ ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។
វត្ថុតាងចាប់យកមាន៖ម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម អត់ស្លាកលេខ ដែលមានលេខតួនិងលេខ ម៉ាស៊ីន0099170 (ជារបស់ជនសង្ស័យធ្វើសកម្មភាព លួច)និងកំណាត់ដុំឈើ និងកំណាត់ឈើតាប៉ែត ប្រវែងប្រហែល៦តឹកមួយចំនួន (ជារបស់ម្ចាស់ផ្ទះ)។
លោកអធិការបន្តថា ផ្ទះកើតហេតុត្រូវតុលាការបិទសៀលឃ្លុំបេ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កាលពីកំឡុងក្នុងឆ្នាំ២០១៦។ ម្ចាស់ផ្ទះឈ្មោះ ចន ឃុនអេន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកែច្នៃឈើ ផ្ទះលេខ៤C ផ្លូវ លេខ៦១៦ ក្រុមទី៨៥ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (រត់គេចខ្លួនទាំងគ្រួសារក្នុងពេលដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាប )។ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់