កណ្ដាលៈ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងថ្នាំញៀននិងឧបករណ៍មួយចំនួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ
ទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន និងជនសង្ស័យទី២-ឈ្មោះ សឿន សំភាស់ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរកសិករ ជនសង្ស័យទាំង២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នា មានទីលនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ សឿន បុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ត្រូវជាបងប្អូនបង្កើតនិងជនសង្ស័យទី១និងទី២ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៨កញ្ចប់ (ធំ២កញ្ចប់ ,មធ្យម១០កញ្ចប់ និងតូច៦កញ្ចប់) ,កាំបិតបុ័ងតោ១ ,ទូរស័ព្ទដៃ២គ្រឿងនិងឧបករណ៍សម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
លោកអធិការបានបន្ដទៀតថា ជនសង្ស័យខាងលើនេះគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មជាយូណាស់មកហើយ តែមិនទាន់មានវត្ថុតាងណាមួយសម្រាប់ដាក់បន្ទុកទៅលើក្រុមជនសង្ស័យបាន លុះមកដល់ថ្ងៃកើតហេតុទើបលោកបានទទួលព័ត៌មានច្បាស់ការថាមានមុខសញ្ញាកំពុងធ្វើសកម្មភាព ភ្លាមនោះលោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាដោយសុំធ្វើការឆែកឆេររកឃើញថ្នាំញៀននិងវត្ថុតាងមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន២នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យម្នាក់ទៀតនោះបានរត់គេចខ្លួនតែម្ដង ៕ ដោយៈគង់ សុងហៃ
មតិយោបល់