ភ្នំពេញ ៖ ករណីៈ ឃាតកម្មគិតទុកជាមុន (ប្រើវត្ថុរឹងចាក់ស្លាប់) ត្រង់ចំណុចផ្លូវបេតុងចូលវត្ដព្រះបាទជាន់ឯក ហៅ វត្ដជើងឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ៤៥នាទី ។
ជនសង្ស័យឈ្មោះ ថាច់ សួ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ គួកជេដី ជនជាតិខ្មែរកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (គេចខ្លួន)។
តាមពាក្យបណ្ដឹងឈ្មោះ ប៉ោ សារ៉េត ភេទស្រី អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ កេត ស៊ីថា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារភូមិ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង២០នាទី ជនសង្ស័យឈ្មោះ ថាច់ សួ ភេទប្រុស អាយុ៤៦ឆ្នាំ បានប្រើអោយឈ្មោះ កែវ មុន្នីរ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ ទូរស័ព្ទលេខ ០៩៦ ៧៤ ៨០០០២ ទៅជនរងគ្រោះឈ្មោះ កេត ស៊ីថា (សព) ភេទប្រុស អាយុ៥២ឆ្នាំ ដែលមានលេខ ទូរស័ព្ទ ០១០ ៥៣៨ ០៤០ ដើម្បីមកផឹកស៊ីនៅក្នុងហាងព្រៃអាម៉ាស្សូន ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះ(សព) ក៏បានមកចូលរួមផឹកស៊ីជាមួយជនសង្ស័យមានគ្នាចំនួន៦នាក់ ទី១ឈ្មោះ ថាច់ សួ (ជនសង្ស័យ), ទី២ឈ្មោះ កេត ស៊ីថា (សព), ទី៣ឈ្មោះ អ៊ិច ផាណាដា ហៅ ស្ពៃតឿ ភេទស្រី អាយុ៣៥ឆ្នាំ (ត្រូវជាប្រពន្ធចុងរបស់ឈ្មោះ កេត ស៊ីថា) ទី៤ឈ្មោះ កែវ មុន្នីរ័ត្ន និង២នាក់ទៀតមិនស្គាល់ភេទប្រុស រហូតដល់វេលាម៉ោង២២និង១០នាទី ក៏បានគិតលុយឈប់ផឹក ដោយជនសង្ស័យឈ្មោះ ថាច់ សួ ជាអ្នកចេញលុយ រួចក៏បានទៅផ្ទះរៀងៗខ្លួន ។ លុះវេលាម៉ោង២២និង៤៥នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ(សព) បានបើកម៉ូតូរបស់គាត់ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GX-4649 លេខតួ និងលេខម៉ាស៊ីនមិនចាំ ឌុបឈ្មោះ សាំង សាញ់ ភេទប្រុស អាយុ៥២ឆ្នាំ មកដល់ត្រង់ចំណុចផ្លូវបេតុងចូលវត្ដព្រះបាទជាន់ឯក ហៅ វត្ដជើងឯក កែងផ្លូវបត់ចូលផ្ទះប្រពន្ធចុងរបស់ជនរងគ្រោះ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ក៏បានជួបជនសង្ស័យឈ្មោះ ថាច់ សួ ដែលជិះម៉ូតូម៉ាកណៃហត ពណ៌ខ្មៅមិនស្គាល់ស្លាកលេខ និងលេខតួលេខម៉ាស៊ីនម្នាក់ឯងឈប់ត្រង់ចំណុចខាងលើ រួចបានធ្វើសកម្មភាពចាក់មកលើជនរងគ្រោះ(សព) ចំនួន៣កន្លែងត្រូវចំប្រអប់ទ្រូង និងកំពួនដៃខាឆ្វេង ។ បន្ទាប់មកសមត្ថកិច្ចយើងក៏បានចុះទៅជួយអន្ដរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ និងបានដឹកជនរងគ្រោះ(សព) តាមរថយន្ដសាច់ញាតិ(សព) យកទៅសង្គ្រោះនៅគ្លីនិកឯកជនសូគា៍ តែដោយសារស្ថានភាពជនរងគ្រោះ(សព)ធ្ងន់ធ្ងរពេក រថយន្ដគ្លីនិកឯកជនសូគា៍ ក៏បានដឹកជនរងគ្រោះ(សព) បន្ដទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បាន១០នាទី ស្រាប់តែគ្រូពេទ្យបានប្រាប់សាច់ញាតិរបស់ជនរងគ្រោះថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ ។ ហើយសាច់ញាតិរបស់ជនរងគ្រោះ(សព) ក៏បានដឹកជនរងគ្រោះ(សព) យកមកតំកល់ទុកនៅផ្ទះឈ្មោះ ប៉ោ សារ៉េត ភេទស្រី អាយុ៦២ឆ្នាំ (ប្រពន្ធដើម) ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់ ។ ក្រោយមកសមត្ថកិច្ចយើងក៏បានរាយការណ៍ទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យបច្ចេកទេសវិភាគកន្លែងកើតហេតុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង គ្រូពេទ្យតុលាការ អោយចុះមកសហការ និងធ្វើកោសល្យវិច្ច័យលជនរងគ្រោះ(សព)ខាងលើ ។
តាមការសន្និដ្ឋានថា ជនរងគ្រោះ (សព) ពិតជាស្លាប់ដោយសារជនសង្ស័យចាក់ចំនួន០៣កន្លែង ប្រអប់ទ្រូង និងកំពួនដៃ បណ្តាលអោយស្លាប់ប្រាកដមែន ។
សមត្ថកិច្ចបានធ្វើការពិនិត្យស្លាកស្នាម ប្រមូលភស្តុតាង និងសពជនរងគ្រោះត្រូវបានប្រគល់អោយឈ្មោះ ប៉ោ សារ៉េត ប្រពន្ធដើម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឈ្មោះ ប៉ោ សារ៉េត បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ថាច់ សួ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរតាមនីតិវិធី ៕
មតិយោបល់