បាត់ដំបង៖ រថយន្តបែនមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ នៅស្រុកកំរៀងនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកង់ប្រាំមួយបែន និងម៉ូតូបណ្តាលអោយស្លាប់មនុស្សម្នាក់ នៅថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង ១០៖០០នាទី ។
លោកវរសេនីយ័ឯក គឹម.ពន្លក អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកង់ប្រាំមួយ (ឡានបែន) ម៉ាកហ៊ីយាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ ៣C-១៤៨៣ បានបុកនឹងម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា យូហ៊ូវ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង បណ្តាលអោយរងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ច្រឹប លឹមសៀង ភេទស្រី អាយុ ៦៥ឆ្នាំ ជាប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់កើតហេតុ អ្នកបើកបរបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ រួចយករថយន្តមកទុកចោលក្នុងផ្ទះ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង រួចរត់គេចខ្លួនបាត់។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការត្រួតពិនិត្យរួចយករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់