កណ្ដាលៈ រថយន្ដមួយគ្រឿងបើកបុកបុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣និង៥០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ (សង្ស័យជាមនុស្សវិកលចរិក) រីឯរថយន្ដពុំស្គាល់ម៉ាក បើករត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើងខាងលើ ដើរតាមបណ្ដោយផ្លូវជាតិលេខ២១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបានបុក បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដបុកជនរងគ្រោះរួច ភ្លាមនោះក៏បើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងកន្លែងកើតហេតុ រួចយកសាកសពជនរងគ្រោះទៅរក្សាទុកនៅវត្ដឈូងលាភ ដើម្បីស្វែងរកសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់