សៀមរាប៖ នាវេលាម៉ោងប្រហែល១៦នឹង២០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានថានៅក្នុងបន្ទប់លេខ២៣១ សណ្ឋាគារ សូហ្វីតែល ដែលស្ថិតនៅភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីជនបរទេសម្នាក់បានស្លាប់។
ក្រោយពីទទួលពណ៌មានកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ CARVALHAL REBELO ANTONIO ភេទប្រុស កើតឆ្នាំ ១៩៤៥ ជនជាតិ ព័រទុយហ្គាល់ ជាភ្ញៀវទេសចរណ៍ ដែលបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ អប្សារ៉ា និងស្នាក់នៅបន្ទប់លេខ២៣១សណ្ឋាគារខាងលើជាមួយប្រពន្ធ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។ សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុក បណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ រង់ចាំឯកសារពីស្ថានទូត និងតាមសំណូមពររបស់ក្រុមគ្រួសារ ដើម្បីមកទទួលយក៕
មតិយោបល់