ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ និងសុខភាព ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងសមាជិកនៃអនុគណៈកម្មការមកពីក្រសួងស្ថាប័នពាក់ព័ន្ធដូចជា: ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងអង្គរក្ស សាលារាជធានីភ្នំពេញ សាលាខេត្តកណ្តាល ព្រមទាំងមេបញ្ជាការតាមគោលដៅជាច្រើនរូបទៀត ។
ផែនការការពារត្រូវបានធ្វើបទបង្ហាញពិស្តារដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ដែលក្នុងនោះ បានផ្តោតសំខាន់លើកិច្ចការពារធានាសុវត្ថិភាពនៅតំបន់ប្រារព្ធពិធីទាំងមូល គោលដៅកំសាន្តសប្បាយ គោលដៅចំណតទូកនិងកន្លែងស្នាក់នៅរបស់ចំណុះទូក ព្រមទាំងតំបន់ស្តង់លក់និងផ្សាយពាណិជ្ជកម្មនានា និងវិធានការសង្គ្រោះ ដោយមានការដាក់ពង្រាយរថយន្តអគ្គិភ័យ និងរថយន្តគិលានសង្គ្រោះ…។ ដោយឡែក ក៏មានការចាត់វិធានការដើម្បីការពារខ្សែក្រវ៉ាត់តំបន់ប្រារព្ធពិធី រួមទាំងការចាត់វិធានការត្រួតពិនិត្យនិងសម្រួលការចេញ-ចូល ការដោះស្រាយបញ្ចៀសការកកស្ទះចរាចរណ៍ជុំវិញ និងក្នុងតំបន់ប្រារព្ធពិធី ក៏ដូចជាវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ទូទាំងរាជធានីភ្នំពេញ។ បន្ថែមលើផែនការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាពង្រឹងសុវត្ថិភាព សន្តិសុខទូទាំងប្រទេសផងដែរ ។
ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការបូកសរុប ចង្អុលដឹកនាំនិងសង្កត់ធ្ងន់លើចំណុចជាក់ស្តែងដូចខាងក្រោម:
១.គ្រប់បញ្ជាការតាមគោលដៅ ត្រូវអប់រំណែនាំកម្លាំងក្រោមឱវាទឲ្យលើកកម្ពស់ស្មារតីតស៊ូ អត់ធ្មត់ ទ្រាំលំបាកនូវការនឿយហត់ ដើម្បីផ្តល់សេវាការពារ និងសម្រួលដោះស្រាយសណ្តាប់ធ្នាប់ និងសង្គ្រោះពលរដ្ឋប្រកបដោយវិន័យ សីលធម៌ និងឥរិយាបថល្អប្រពៃ ជៀសវាងបង្កភាពអសកម្មធ្វើឲ្យថ្នាំងថ្នាក់ដល់ពលរដ្ឋ ។
២.បញ្ជាការគ្រប់តំបន់ គ្រប់គោលដៅ និងចំណុចសំខាន់ៗទាំងអស់
ត្រូវរៀបចំធ្វើផែនការសកម្មភាពជាក់ស្តែងសម្រាប់ភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយផែនការនេះដល់កងកម្លាំងអនុវត្តផ្ទាល់ ។
៣.ត្រូវរៀបចំបែងចែកកម្លាំងជាក់ស្តែងឲ្យទទួលខុសត្រូវតាមចំណុច គោលដៅ ដែលមានក្នុងផែនការ និងរៀបចំទីបញ្ជាការស្រាលតាមការកំណត់ ដោយមានមន្ត្រីប្រចាំការប្តូរវេនច្បាស់លាស់ ។
៤.ស្នើអាជ្ញាធរ និងស្នងការរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដែលរស់នៅក្នុង និងជុំវិញតំបន់ប្រារព្ធពិធីឲ្យបានជ្រាបអំពីការអនុវត្តផែនការរបស់សមត្ថកិច្ច និងមានការអធ្យាស្រ័យ ចូលរួមសហការ ។
៥.ត្រូវបែងចែកគោលដៅ និងភូមិសាស្ត្រសម្រាប់ធ្វើសកម្មភាពល្បាតថ្មើរជើង ដើម្បីបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋមកកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ប្រកបដោយក្តីសប្បាយរីករាយ និងគ្មានក្តីបារម្ភ ។
៦.ត្រូវពង្រីកវិសាលភាពផ្លាស់ប្តូរនិងផ្តល់ព័ត៌មានសន្តិសុខឲ្យគ្នាទៅវិញទៅមក បានទាន់ពេលវេលា រវាងកងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ សំដៅម្ចាស់ការ ដាក់ចេញវិធានការបានសមស្រប ដោយរៀបចំប្រព័ន្ធទំនាក់ទំនងផ្លាស់ប្តូរព័ត៌មាន រវាងគណៈបញ្ជាការជាមួយបញ្ជាការតាមគោលដៅ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធវិទ្យុទាក់ទង ដើម្បីធានាប្រសិទ្ធភាពដឹកនាំបញ្ជា ដោះស្រាយសភាពការណ៍ ។
ជាទីបញ្ចប់ ឯកឧត្តម ប្រធានអង្គប្រជុំ បានសំណូមពរដល់គណៈបញ្ជាការរួម និងបញ្ជាការគ្រប់គោលដៅ លើកកម្ពស់ស្មារតីសហការ និងសាមគ្គីភាពខ្ពស់ ដើម្បីរួមគ្នាប្តេជ្ញាចិត្តធានាឲ្យបានស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សម្រាប់ពិធីបុណ្យឲ្យបានដាច់ខាត ៕
មតិយោបល់