បន្ទាយមានជ័យ៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ត្រូវកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដឹកតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ១៥៦D ក្រៅទីប្រជុំជនត្រង់ចំណុចផ្លូវកោង មុខផ្ទះឈ្មោះឌុច រុន ភេទប្រុស អាយុ៥៨ឆ្នាំ ស្ថិតនៅភូមិពាមស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិុការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ជឹម ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (មានពាក់មួកសុវត្ថិភាព)។មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកSmash REVO ១១០ ពណ៌ក្រហម សេរីឆ្នាំ២០០៨ ពាក់ផ្លាក់លេខ បាត់ដំបង1E-7568 បានធ្វើដំណើរក្នុងទិសដៅពីខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើ ក្នុងស្ថានភាពផ្លូវកោងបានរ៉េចង្កូតទៅខាងឆ្វេងដៃមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម ៣A-៥៤០៧ បើកបរមកពីទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅផ្ទុយទិសគ្នា ទើបបណ្ដាលឲ្យម៉ូតូបុកចំពីមុខពេញមួយទំហឹង កើតមានគ្រោះថ្នាក់តែម្តង។អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុ បានបើកទ្វារររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុ ។
លោកអធិការបានបញ្ជាក់ថា៖មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ កន្លែងកើតហេតុជាផ្លូវកោង អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ។បច្ចុប្បន្នម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ៕
មតិយោបល់