ពោធិ៍សាត់៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកមនុស្សដើរតាមផ្លូវ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ នៅចំណុចតាំងយ៉រ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសមនុស្សស្រី០៣នាក់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីឈ្មោះ ឆាង ជា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើកំពុងធ្វើដំណើរនៅលើចិញ្ចើមថ្នល់ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-0585 បើកបរយ៉ាងលឿន បានមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្ត្រីជាអ្នកដើររងរបួសធ្ងន់។ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ ភឿក ផល្លី ភេទស្រី អាយុ ២៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិដីក្រហម ឃុំអន្លង់រាប និងរួមដំណើរឈ្មោះ មុន យ៉ាងសឺ ភេទស្រី អាយុ១៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិឃុំដូចគ្នា។
ក្រោយហេតុការណ៍នេះកើតឡើងភ្លាមគេបានបញ្ជូនអ្នករងរបួសទាំងបីនាក់ទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។
លោកអធិការនគរបាលស្រុកវាលវែងក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រោយសមត្ថកិច្ចនគរបាលជំនាញបានចុះវាស់វែង ក៏បានធ្វើការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាល្បឿន និងបើកបរខ្វះការប្រុងប្រយ័ត្ន។ ចំពោះម៉ូតូសមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕
មតិយោបល់