បាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបង្រ្កាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១លើក នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ។
លោកវរសេនីយ៍ត្រី ទុយ សាវៀង អធិការស្តីទីនគរបាលស្រុកឯកភ្នំ បានអោយដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ បានបើកប្រតិបត្តិការណ៍បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១លើក ឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ លឿម សុណារិទ្ធ ហៅ បឹម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនប្រភេមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ៧ថង់ (ធំ២ តូច៥) ទូរស័ព្ទដៃចំនួន ១គ្រឿង និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់