បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកដោយលោកអ៊ុក សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅជាយដែន ចាប់ឃាត់ខ្លួនបានចំនួន២នាក់ រួមទាំងវត្ថុតាងថ្នាំជាជិត២ពាន់គ្រាប់ នៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក អ៊ុក សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ដោយអនុវត្តបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាដល់កងកម្លាំងនគរបាល គ្រប់អធិការដ្ឋាន ស្រុក ក្រុងទាំង៩ ក៏ដូចជាវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ធ្វើយ៉ាងចំពោះបញ្ហាបទល្មើសគ្រឿងញៀន គឺត្រូវតែធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម។
ជាលទ្ធផលនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកដោយលោកផ្ទាល់ បានបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងជាបន្តបន្ទាប់ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ជនសង្ស័យទី១-ឈ្មោះ ដែន លីវយី ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យទី២-ឈ្មោះ លឿន វិទូ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២នាក់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ ដែរ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញថ្នាំញៀនដែលមានអក្សរ WYលើគ្រាប់ថ្នាំម្ខាង ចំនួន១.៨៩២គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងថ្នាំញៀន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាល ខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
មតិយោបល់