ពោធិ៍សាត់៖ បុរសបីនាក់ រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ បុកជាមួយម៉ូតូម៉ាកយ៉ាម៉ាហា ករណីនេះកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 1226 ជិះឌុបគ្នាពីរនាក់ បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះម្នាក់ឯង បើកបរឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរ និងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុ ។
លោកវរសេនីយ៍ត្រី យ៉ែម យឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណទី១ឈ្មោះ យឹម សារ៉េន ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកបើកបរម៉ូតូហុងដា សេ១២៥ រងរបួសធ្ងន់បាក់ឆ្អឹងដងកាំបិតខាងស្តាំ ទី២ឈ្មោះ ភន ភាព ភេទប្រុស អាយុ៥១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីររស់នៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៣ឈ្មោះ ចាន់ និត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូយ៉ាម៉ាហា រងរបួសស្រាល។
លោកអធិការរង បានបន្តថា ករណីគ្រោះថ្នាក់នេះកើតឡើងមកពី កត្តាអ្នកបើកបរគ្មានការប្រុងប្រយ័ត្ន រីឯជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកបាកាន ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីកសាងសំណុំ ចាត់ការតាមនីតិវិធី ៕
មតិយោបល់