ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបានធ្វើសកម្មភាព ឆក់កាបូបពីនារីជាបុគ្គលិកខារ៉ាអូខេម្នាក់ បានសម្រេច តែអកុសល្យម៉ូតូទាក់ដៃចង្កូតបណ្តាលឲ្យដួល ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះ សុភ័ក្ត អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេអេកូ ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកឯជនសង្ស័យមានឈ្មោះ ភឿន តួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល។
បើតាមសំដីនារីរងគ្រោះបានឲ្យដឹងថា គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-4845 ទើបតែជិះចេញមកពីកន្លែងធ្វើការ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ិចសាយទ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-2656 ជិះមកពីក្រោយបានឆក់យកកាបូបគាត់ដែលស្ពាយជាប់ខ្លួន បណ្តាលឲ្យដាច់ខ្សែបានសម្រេច តែបានទាក់ដៃចង្កូតម៉ូតូដួលទាំងអស់គ្នា។ ភ្លាមៗនោះផងដែរ មានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បាននាំគ្នាជួយអន្តរាគមន៍ ចាប់ឃាត់ជនសង្ស័យ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលឲ្យហើមមុខ យកកាបូបឲ្យជនរងគ្រោះវិញ។
ក្រោយពីកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវនគរបាលមូលដ្ឋាន នាំយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់