ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ។ ហេតុការណ៍ខាងលើនេះ បានឡើងកាពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមុន្នីរ៉េត គល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តតូយូតាហាយឡែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-5082 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្តាលរថយន្តក្រឡាប់ ផ្ងារជើងឡើងលើ ម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យសួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្ក ខូចខាតស្ទើរតែទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការវាស់វែង យករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
មតិយោបល់