រតនគិរី៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ស្មើនឹង៤គ្រួសារ ដែលមានសមាជិករួមចំនួន២៦នាក់ ស្រី១៤នាក់ ស្ថិតនៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦នឹង១០នាទី។
តាមការឲ្យដឹងពីអធិការនគរបាលស្រុកអណ្ដូងមាសថា មូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះផ្ទះនេះ មកពីម្ចាស់ផ្ទះ ក្រោកដាំបាយពីព្រលឹម មិនបានពន្លត់ភ្លើង ហើយនាំគ្នា យកអ្នកជំងឺទៅពេទ្យ គ្រានោះពួកគេមិនបានពន្លត់ភ្លើងចង្ក្រាន ភ្លើងក៏បានធ្លាក់ចុះមកខាងក្រោម ចំម៉ាស៊ីនកាត់ស្មៅ ដែលនៅក្នុងបន្ទប់ ក្រោមផ្ទះបាយនោះ។ ហើយម្ចាស់ផ្ទះ ដែលរងគ្រោះបាត់បង់ផ្ទះសំបែងទាំងបួនគ្រួសារនេះ មានឈ្មោះ រចំ ហ្វីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន៥នាក់ ស្រី១នាក់ ផ្ទះមានទំហំ៦x៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី, ម្ចាស់ផ្ទះទី២-ឈ្មោះ សល់ លុល ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៦នាក់ ស្រី ៥នាក់ ផ្ទះមានទំហំ ៩×៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីជាន់ក្រោមថ្ម, ម្ចាស់ផ្ទះទី៣-ឈ្មោះ សល់ ឡាំ ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិ ច្រាយ មានសមាជិកគ្រួសារចំនួន ៨នាក់ ស្រី៤នាក់ ផ្ទះមានទំហំ ៦x៥ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងទី៤-មានឈ្មោះ សល់ គ្លីន ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិច្រាយ មានសមាជិគ្រួសារចំនួន ៧នាក់ ស្រី៤នាក់ ផ្ទះមានទំហំ ៩×៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
ជុំវិញករណី ភ្លើងឆេះផ្ទះ អស់បួនខ្នងនេះ អធិការនគរបាលស្រុកអណ្ដូងមាស មិនទាន់បានបញ្ជាក់ ពីការខូចខាតទ្រព្យសម្បត្តិ សរុបអស់ប៉ុន្មាននៅឡើយទេ ៕
មតិយោបល់