ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគាត់ទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍មួយចំនួនដល់ និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឬស្សី និងពេលបញ្ចប់ការសិក្សាត្រូវជួយបំរើសង្គមខ្មែរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅលើជំនាញដែលខ្លួនបានសិក្សានោះ។
សម្តេចក្រឡាហោម បានបញ្ជាក់ប្រាប់ដល់និស្សិតទាំងនោះទៀតថា ជាធម្មតានិស្សិតកម្ពុជាតែងតែទៅបន្តការសិក្សានៅក្រៅប្រទេសក្រោយពីពួកគាត់ប្រឡងជាប់អាហារូបករណ៍ជាក់ស្តែងដូច កូន ក្មួយនាពេលនេះយ៉ាងដូច្នេះដែរ។ ដូច្នេះហើយត្រូវបន្តសាមគ្គីភាពជាមួយគ្នាទាំងក្រៅប្រទេស និងក្នុងប្រទេស បើមានឱកាសជួយសាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេស ឲ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំ ថែរក្សា យកចិត្តទុកដាក់ចំពោះសុខភាព ដើម្បីឲ្យមានលទ្ធភាពក្នុងការសិក្សារៀនសូត្រ បានល្អប្រសើរ ទទួលយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមនៅកម្ពុជាវិញបន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ ៕
មតិយោបល់