កំពង់ចាម ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបឃាត់ខ្លួន នៅចំណុចភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ។
តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប មុខសញ្ញាលក់កន្ទុយលេខដាក់លុយ (លក់ឆ្នោតវៀតណាម) មួយកន្លែង នៅចំណុចភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ញ៉ក់ នាង ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ និងដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ១-ក្រដាស់កត់កន្ទុយលេខតូច-ធំ ចំនួន២២សន្លឹក, ២-ទូស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកសាំសុង ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង និងម៉ាកអាយហ្វូនស៊ិច ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង), ៣-កាបូបដាក់កន្ទុយលេខឆ្នោតចំនួន០២, ៤-ប្រាក់រៀលចំនួន៥០០០០រៀល (ប្រាំម៉ឺនរៀល) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បី សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តំពង់ចាម ៕
មតិយោបល់