បន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀន៧នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការណ៍ទៅតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពិសេសគឺបញ្ហាគ្រឿងញៀន ដែលជាចំណុចដ៏រសើប តែងបង្កឲ្យមានអសន្តិសុខ សង្គមជាតិ កើតមាននូវអំពើហិង្សាលួច ឆក់ ប្លន់ នោះ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់ អធិការដ្ឋាន ក្រុង-ស្រុកទាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងកម្លាំងនគរបាលជំនាញ ឲ្យរៀបចំផែនការ ចាត់វិធានការនិងស៊ើបអង្កេត ស្រាវជ្រាវឲ្យដូចជាភ្លៀង រលឹម។ ជាលទ្ធផល នៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តនិងដោយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ កម្លាំងនគរបាលអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប មុខសញ្ញាដែលសង្ស័យជួញដូរគ្រឿងញៀននៅចំណុចភូមិព្រៃគុប សង្ការផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានចំនួន៧នាក់ ជាបន្តបន្ទាប់ ក្នុងនោះ៦នាក់ ជាឪពុកម្តាយនិងកូន ចំណែកឯម្នាក់ទៀតជាក្មួយនាំមកសាកសួរនៅអធិការដ្ឋាន។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន១៣កូនថង់ អាវុធខ្លី១ដើមម៉ាក BERAPA លេខ L884817 ពណ៌ទឹកប្រាក់ ផលិតនៅប្រទេសអ៊ីតាលី គ្រាប់១៣គ្រាប់ បង់១ ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូ២គ្រឿង ។
លោកវរសេនីយ៍ទោ ង៉ែង សុជា នាយការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនមានទីលំនៅភូមិព្រៃគុប សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានឈ្មោះ ១/-ផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំ, ២/-ឈ្មោះតេង ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ ,៣/-ឈ្មោះតេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ ,៤/-តេង ស្រីលក្ខណ៍ ភេទស្រីអាយុ១៤ឆ្នាំ ,៥/-ឈ្មោះ សុំ ពៅ ភេទស្រី អាយុ៤១ឆ្នាំ, ៦/-ឈ្មោះ ទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ទាំង២នាក់ជាឪពុកម្តាយ របស់ជនសង្ស័យ និងទី៧/-ឈ្មោះ សៅ វណ្ណៈ នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបររត់ម៉ូតូឌុប ត្រូវជាក្មួយ។
លោកនាយការិយាល័យ បានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ទន្ទឹមនឹងឆែកឆេររកឃើញគ្រឿងញៀន បានរកឃើញអាវុធខ្លី១ ដើមម៉ាក BERAPA លេខ L884817 ពណ៌ទឹកប្រាក់ ផលិតនៅប្រទេសអ៊ីតាលី គ្រាប់១៣គ្រាប់ បង់១ សង្ស័យគ្មានប័ណ្ណប្រើប្រាស់ ជារបស់ឈ្មោះ ទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ។
បើតាមសំដីរបស់ឈ្មោះ ទុន សារិទ្ធ គេអះអាងថា មិត្តភ័ក្ត្ររបស់គេ ជាជនជាតិថៃ បានចងដៃកាលគេរៀបការកូនរបស់ខ្លួន។ ចំណែកឈ្មោះ តេង ដូច គេបានសារភាពថា រូបគេពិតជាបានជួញដូរគ្រឿងញៀននេះមែន រយៈពេល១៥ថ្ងៃមកហើយ ។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងជនសង្ស័យទាំង៧នាក់ រួមទាំង វត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្ត តាមនីតិវធីច្បាប់ ៕
មតិយោបល់