អង្គការសហប្រជាជាតិ បានចេញរបាយការណ៏មូយ ទាក់ទិនទៅនឹងប្រជា ពលរដ្ឋស្លូតត្រង់ប្រមាណជាង១៤.៤លាននាក់នៅប្រទេសយេមែន ដែលកំពុងប្រឈមនឹងការបាត់បង់ជីវិតស្ទើរាល់ថ្ងៃ ដោយសារតែមិនមានអាហារទទួលទាន ប្រចាំថ្ងៃ ។
អង្គការសហប្រជាជាតិ បានអោយដឹងថា មូលហេតុចំបងដែលនាំអោយ ប្រជាពលរដ្ឋយេមែនជួបប្រទះនូវគ្រោះទុរ្ភិក្សនេះ គឺបានកើតឡើងដោយសារតែ សង្គ្រាមកាប់សម្លាប់គ្នានៅតែបន្ត រវាងកងកម្លាំងយោធាដែលស្ម័គ្រស្មោះជាមួយ នឹងអតីតប្រធានាធិបតី អាលី អាប់ឌូឡា សាឡេស និងប្រធានាធិបតីបច្ចុប្បន្នដែ លជាអតីតអនុប្រធានាធិបតី អាប់ត្រាប៊ូ មែនស៊ូហាឌី ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គោតារ៉េស បានប្រកាសអំពាវនាវឲ្យមានការចរចាឡើងវិញដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅ ប្រទេសយេមែន។
លោកអង់តូនីញ៉ូ ហ្គោតារ៉េស បានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១៥កន្ល ងទៅ ប្រទេសយេមែន មិនត្រឹមតែក្លាយជាសមរភូមិប្រយុទ្ធដណ្តើមអំណាចគ្នា រវាងពួកឧទ្ទាមហ៊ូទី និងកងទ័ពរដ្ឋាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែយេមែនក៏បានធ្លាក់ខ្លួនផងដែរ ជាទីលានប្រជែងដណ្តើមឥទ្ធិពលគ្នារវាងប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអ៊ីរ៉ង់។
កូនភេពីរក្បាលនៅក្នុងប្រទេសយេមែនកំពុងឈ្លោះដណ្តើមសាច់ត្រីគ្នាស៊ី ហើយខ្លាពីរក្បាល គឺអារ៉ាប៊ី សាអូឌីតនិងអ៊ីរ៉ង់ បានចូលខ្លួនមកសុំជួយ អារកាត់ចំណែកប៉ុន្តែនៅទីបំផុត គឺខ្លាបានទទួលចំណែកសាច់ច្រើនជាងគេចំណែកកូនភេ សឹងតែគ្មានបានអ្វីសោះដូច្នេះជម្លោះសង្គ្រាមស៊ីវិលនៅយេមែនបច្ចុប្បន្ននេះគឺដូចគ្នានឹងរឿងកូនភេយ៉ាងដូច្នេះដែរ។
សង្គ្រាមស៊ីវិលបានកើតដំបូងឡើយ គឺដោយសារតែក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអតីតប្រធានាធិបតីយេមែន អាលី អាប់ឌូឡាសាឡេស បានបះបោរប្រឆាំងអំណាចប្រធានាធិបតីថ្មីរបស់ខ្លួន។ បន្តិចម្តងៗ ភាគីបរទេសនាំមុខដោយអ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីតរួមទាំងក្រុមភេរវជនដែលជាបណ្តាញរបស់អាល់កៃដា នៅឧបទ្វីបអារ៉ាប់ផងបានជ្រៀតចូលខ្លួនទៅក្នុងជម្លោះផ្ទៃក្នុងរបស់យេមែន។
អ៊ីរ៉ង់មានហេតុផលជួយការពារពួកឧទ្ទាមហ៊ូទីដែលមាននិកាយសាសនាស៊ីអ៊ីតដូចអ៊ីរ៉ង់ ហើយអារ៉ាប៊ីសាអូឌីតបានដឹកនាំការវាយប្រហារទ័ពអាកាសទៅលើពួកហ៊ូទីក្នុងហេតុផលការពារព្រំដែនរបស់ខ្លួនដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងរបស់ពួកហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ ក្នុងទឹកដីយេមែន។
ជម្លោះប្រដាប់អាវុធដែលកើតឡើងដើម្បីដណ្តើមអំណាច ប្រជែងឥទ្ធិពលនៅទីបំផុត បានត្រឹមតែធ្វើឲ្យប្រជាជនយេមែនជាអ្នករងគ្រោះនិងឈឺចាប់ជាងគេ។ ចាប់តាំងពីសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីតបើកអន្តរាគមយោធាដើម្បីទប់ស្កាត់ការរីករាលដាលរបស់ក្រុមហ៊ូទីមានមនុស្សប្រមាណ៧៤០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលដែលប្រជាជនជាងពាក់កណ្តាលកំពុងប្រឈមនឹងគ្រោះអត់ឃ្លាននិងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
ដើម្បីបញ្ចប់ការឈឺចាប់របស់ប្រជាជនស៊ីវិលយេមែនអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការជួយជ្រោមជ្រែងពីគ្រប់ភាគី ដើម្បីស្តារដំណើរការចរចាសន្តិភាពនៅយេមែន។
លោកអង់តូនីញ៉ូ ហ្គោតារ៉េស បាននិយាយថា រូបភាពបង្ហាញពីទុក្ខវេទនារបស់ប្រជាជនយេមែនដោយសារសង្គ្រាម ការទម្លាក់គ្រាប់បែក បានចាក់ដោតបេះដូងរបស់លោក។លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដែលធ្លាប់ធ្វើជាប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន បាននិយាយថាប្រជាជនយេមែន បើទោះបីជាក្រីក្រក្តី ប៉ុន្តែពួកគេចិត្តបានណាស់។ដូច្នេះ ពួកគេមិនសមនឹងមកទទួលទុក្ខវេទនាខ្វះអាហារដោយសារតែសង្គ្រាមនោះទេ។
អង្គការសហប្រជាជាតិបានទទូចសុំឲ្យមានបទឈប់បាញ់ដើម្បីអាចនាំយកជំនួយមនុស្សថម៌ដល់ប្រជាជន ប៉ុន្តែការចរចារាល់លើកផ្តួចផ្តើមគំនិតដោយអង្គការសហប្រជាជាតិបានទទួលបរាជ័យដោយរួមទាំងបទឈប់បាញ់ចំនួន៧លើកផង។
ប្រេសិតរបស់អង្គការសហប្រជាជាតិសម្រាប់យេមែន ដែលបានចូលរួមស្តាប់សន្និសីទរបស់លោកអង់តូនីញ៉ូ ហ្គោតារ៉េស បានស្នើផែនការសន្តិភាពមួយ ដែលនៅក្នុងនោះមាននិយាយពីការចែករំលែកអំណាចគ្នារវាងភាគីជម្លោះនៅយេមែន។ប៉ុន្តែប្រធានាធិបតីយេមែនបច្ចុប្បន្ន ដែលគាំទ្រដោយសហគមន៍អន្តរជាតិមិនព្រមទទួលយកដោយលោកបានចាត់ទុកខ្លួនលោកជាប្រធានរដ្ឋតែម្នាក់គត់ដែលស្របច្បាប់នៅយេមែន។
អ្នកដឹកនាំគិតតែពីឈ្លោះគ្នា ដណ្តើមអំណាចគ្នាដោយគ្មានគិតដល់ការឈឺចាប់ ទុក្ខវេទនារបស់ប្រជាជនឯង។ហើយដូចសព្វកន្លែង ជម្លោះផ្ទៃក្នុង នឹងហុចប្រយោជន៍ទៅឲ្យប្រទេសដទៃជាក់ជាមិនខាន។
ការចរចាបរាជ័យក្នុងករណីយេមែន អារ៉ាប៊ី សាអូឌីតនិងអ៊ីរ៉ង់ ដែលគាំទ្រភាគីជម្លោះរៀងៗខ្លួន ហាក់ធ្វើមិនដឹងមិនលឺនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិនោះទេ។
អារ៉ាប៊ី សាអូឌីតទៀតសោត កំពុងជាប់ក្នុងសំណាញ់សង្ស័យរបស់អង្គការសហប្រជាជាតិក្នុងរឿងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅយេមែន។ នៅក្នុងរបាយការណ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានសិក្សាស៊ើបអង្កេតទៅលើការវាយប្រហារទ័ពអាកាសចំនួន១០លើករបស់អារ៉ាប៊ី សាអូឌីតនៅយេមែន គេរកឃើញថាភាគច្រើននៃការវាយប្រហារផ្លូវអាកាសរបស់ទីក្រុងរីយ៉ាត នៅយេមែនគឺគ្មានប្រសិទ្ធិភាព រំលោភច្បាប់អន្តរជាតិស្តីពីមនុស្សជាតិដោយមានចេតនាសំដៅបំផ្លាញជីវិតប្រជាជនស៊ីវិល។អ្នកជំនាញនៅបានចាត់ទុកការវាយប្រហារមួយចំនួនមានលក្ខណៈជាឧក្រិដ្ឋកម្មសង្គ្រាម។
ចំពោះអ៊ីរ៉ង់វិញ របាយការណ៍អង្គការសហប្រជាជាតិបានរកឃើញថាមានអាវុធមួយចំនួនមានប្រភពមកពីអ៊ីរ៉ង់ ប៉ុន្តែដោយគ្មានភស្តុតាងគ្រប់គ្រាន់ គេមិនអាចសន្មត់ថាអ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់សព្វាវុធទាំងស្រុងដល់ក្រុមហ៊ូទីនោះទេ។នេះជាហេតុផលមួយដែលអង្គការសហប្រជាជាតិបានបដិសេធមិនបិទផ្លូវទឹកចូលទៅយេមែនតាមការចង់បានរបស់អារ៉ាប៊ី សាអូឌីត ដែលចោទអ៊ីរ៉ង់ថាបានប្រើផ្លូវទឹកដើម្បីលួចផ្តល់អាវុធដល់ក្រុមហ៊ូទី។
របាយការណ៍របស់អង្គការសហប្រជាជាតិបានដាក់បន្ទុកទៅលើអារ៉ាប៊ី សាអូឌីតដែលដើរតួសំខាន់ នៅក្នុងជម្លោះ នៅដើមបូព៌ា។ ប៉ុន្តែគ្មាននរណាហ៊ានក្អកប្រទេសមហាសេដ្ឋីប្រេងមួយនេះទេ។ គេអាចជឿបានខ្លះថាគឺកុងត្រាទិញអាវុធរាប់ពាន់លានដុល្លារ ដែលអង់គ្លេសនិងអាមេរិកលក់ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលធ្វើឲ្យប្រទេសសមាជិកអចិន្ត្រៃយ៍ទាំងពីររបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅសំងំស្ងៀម គ្មានមាត់មួយម៉ាត់ រិះគន់អារ៉ាប៊ី សាអូឌីត ៕
មតិយោបល់