សៀមរាប៖ ផ្ទះអ្នកលក់ដូរ១ខ្នងនៅក្នុងភូមិអញ្ចាញត្រូវបានភ្លើងឆេះអស់គ្មានសល់ហេតុការណ៍ភ្លើងឆេះផ្ទះពលរដ្ឋនោះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិស្នងការរងទទួលការិយាល័យបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះដោយមានការសហការល្អពីសមត្ថកិច្ចមូលដ្ឋានក៏ដូចជាអាជ្ញាធរបានរាយការណ៍មកកម្លាំងជំនាញដើម្បីឱ្យជួយអន្តរាគមន៍ពេលនោះលោកបានបញ្ជាឱ្យលោកវរសេនីយ៍ទោអ៊ុន ភីរម្យ នាយរងការិយាល័យបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង ប៉ុន្តែនៅតែជួយមិនទាន់ដោយសារផ្លូវឆ្ងាយហើយផ្ទះនៅខាងក្នុងកណ្តាលវាលទៀត។
លោកបានបញ្ជាក់ថាម្ចាស់ផ្ទះឈ្មោះ ស៊ុន សុវឌ្ឍនា ភេទប្រុស អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះមិន ចិន អាយុ៣២ឆ្នាំ មានកូន ប្រុស២នាក់ (បងអាយុ៩ឆ្នាំ និងប្អូនអាយុ៧ឆ្នាំ) មុខរបរ លក់ដូររស់នៅភូមិកើតហេតុខាងលើ។
ចំណែកផ្ទះដែលឆេះនោះមាន ទំហំ៧ម៉ែត្រX១២ម៉ែត្រ (ប្រភេទផ្ទះតៀម) ធ្វើពីឈើជញ្ជាំងបាំងក្តារប្រក់ស័ង្កសីពីលើនិង ស្បូវពីក្រោម(បាំងពីរជាន់)។ តាមការស្រាវជ្រាវពីសមត្ថកិច្ចនគរបាលជំនាញអគ្គិភ័យបានឲ្យដឹងថាករណីអគ្គិភ័យនេះមូលហេតបណ្តាលមកឆ្លងចរន្តអគ្គិសនី នៅក្នុងផ្ទះ។
សូមបញ្ជាក់ថាការខូចខាតទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះនោះ រួម មាន៖ផ្ទះ១ខ្នងម៉ូតូ១គ្រឿងកង់១និងទ្រព្យសម្បត្តិក្នុងផ្ទះឆេះអស់ទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារគត់។
លោកបានបញ្ជាក់ទៀតថារថយន្តដែលមកជួយបានប្រើទឹក ៣គ្រឿង ប្រើអស់ទឹកទាំង៣គ្រឿងនិងមានរថយន្តពន្លត់អគ្គិភ័យរបស់ខាងអាជ្ញាធរអប្សរា១ឡានផងដែរ។
តាមការឲ្យដឹងស្ត្រីដែលជាម្ចាស់ផ្ទះឈ្មោះមិនចិនបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនដំបូងរូបគាត់បានអុជធូបសែននៅរានទេវតាខាងមុខផ្ទះរួចក៏ទៅបោកខោអាវបានមួយសន្ទុះឃើញភ្លើងឆេះចេញពីក្នុងផ្ទះក៏ស្ទុះមកដើម្បីអូសយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនដែលមានតម្លៃចេញពីក្នុងផ្ទះប៉ុន្តែអកុសលក៏ត្រូវអណ្តាតភ្លើងឆេះខ្លាំងធ្វើឱ្យកំដៅអណ្តាតភ្លើងប៉ះមកលើមុខបណ្តាលឱ្យរលាកពេញផ្ទៃមុខតែមិនបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរនោះទេខណៈពេលនោះដោយនាងខ្ញុំឃើញឈើធ្លាក់ពីលើដំបូលផ្ទះមកខ្លាំងពេកក៏រត់ចេញមកក្រៅវិញម្យ៉ាងដោយផ្ទះនាងខ្ញុំនៅក្នុងហើយដាច់ឆ្ងាយពីគេទៀតផងទើបបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋលំបាកក្នុងការសង្គ្រោះ ៕
មតិយោបល់