ពោធិ៍សាត់ៈ នគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាព ជិះម៉ូតូដេញវាយគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ ត្រង់ចំណុចមុខវត្តព្រៃដំរី ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពី កាលពីវេលាម៉ោង១៧និង២០នាទី ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍ពី លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាព ជិះម៉ូតូដេញវាយគ្នារវាងក្មេងទំនើងចំនួនពីរក្រុម ដែលបណ្តាលឲ្យមានមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។
លោកអធិការនគរបាលស្រុកបាកាន បានបន្តប្រាប់ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីសាក្សីឃើញហេតុការណ៍ ថាករណីក្មេងទំនើងចំនួន០១ក្រុម មានគ្នា០៦នាក់ ប្រដាប់ដោយអាវុធមានដាវ និងដំបងដែក ជិះម៉ូតូចំនួនបីគ្រឿង មួយគ្រឿងម៉ាកយ៉ាមាហាអ៊ិចសីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូពីរគ្រឿងទៀត ម៉ាកហុងដា សេ១២៥ មិនចាំស៊េរី និងស្លាកលេខ ធ្វើដំណើរក្នុងពីកើតទៅលិច ដេញវាយក្មេងទំនើងមួយក្រុមទៀត មានគ្នា០៦នាក់ ជិះម៉ូតូបីគ្រឿង ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកដល់ចំណុចកើតហេតុខាងលើ ក្រុមក្មេងបង្កបានយកដំបងដែកវាយទៅលើឈ្មោះ ហែល ប្រុសពៅ មួយដំបង បណ្តាលឲ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពរួចក្រុមក្មេងទំនើងបង្កហេតុ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។
លោកអធិការនគរបាលស្រុកបាកាន បានបញ្ជាក់ថា ដោយមានតម្រុញពីម៉ូតូរបស់ជនសង្ស័យ សមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួន ចាប់បានជនសង្ស័យភ្លាមៗ បានចំនួន០១នាក់ ឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ វត្ថុតាងមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 7114 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ចំពោះបក្ខពួកជនសង្ស័យចំនួន០៥នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់