ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួក បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងខុសច្បាប់ចំនួន៥នាក់ ស្ថិតនៅលើផ្លូវលំក្នុងភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៤០នាទីយប់។
យោងតាមរបាយការណ៍ពី លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ កំលាំងនគរបាលស្រុកថ្មពួក បានចុះល្បាត បានប្រទះឃើញជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន នៅលើផ្លូវលំក្នុងភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនយកមកសាកសួរ។
លោកអធិការបានបន្តថា៖ ជនដែលត្រូវបានចាប់ឃាត់ខ្លួន ឈ្មោះ ប៉ុន ចាន់កុសល់ (ចិត្ត) ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាប្រើប្រាស់គ្រឿងញៀនប្រាកដមែន ដោយខ្លួនបានទិញថ្នាំញៀននេះ ពីឈ្មោះ ឆយ រ៉ាទ្រីន ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់ភូមិពង្រ សង្កាត់កំពង់ស្វាយ ជាមួយគ្នា ហើយបានជក់ថ្នាំញៀនជាមួយគ្នាកាលពីយប់មិញផងដែរ។ លុះម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩ កំលាំងយើងបានឲ្យឈ្មោះ ប៉ុន ចាន់កុសល់ ទូរស័ព្ទទៅឈ្មោះ ឆយ រ៉ាទ្រីន ដើម្បីណាត់ជួបគ្នា ក្រោយមកកំលាំងយើងបានឃាត់ខ្លួនឈ្មោះ ឆយ រ៉ាទ្រីន និង ឈ្មោះ បួង ខេម៉ា ភេទ ស្រី អាយុ២៣ ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បានឆែកឆេកលើខ្លួន ដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា ចំនួន០២កញ្ចប់ថង់តូច ដបទឹកសុទ្ឋកែច្នៃសំរាប់ជក់ចំនួន0១ ដែកកេះចំនួន0៣ និងទូរស័ព្ទចំនួន0៥គ្រឿង។
ក្នុងថ្ងៃដដែលនោះដែរវេលាម៉ោងម៉ោង១២ថ្ងៃត្រង់ យើងបានធ្វើការឃាត់ខ្លួនអ្នក់ប្រើប្រាស់គ្រឿងញៀនបានចំនួន0២នាក់ទៀត នៅលើផ្លូវជាតិលេខ56A មានឈ្មោះ ទី១.ឈ្មោះពេជ្រ ហៀង ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបែកចានឃុំស្វាយចេក ស្រុកស្វាយចេក ធ្វើតេស្តតឹកនោម(វិជ្ជមាន)។ ទី២.ឈ្មោះហ៊ួរ ឡង់ឌី (ម៉ាប់) ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិបែកចាន ឃុំស្វាយចេក ស្រុក ស្វាយចេក ធ្វើតេស្តទឹកនោម(វិជ្ជមាន)។
ករណីនេះ កំលាំងជំនាញកំពុងសារសួរ និងរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត៕ សម្រួលដោយ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់