ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរ៉ឺម៉ក វេលាម៉ោង៦និង១៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខអតីតបន្ទាយឡុង ឈិន លើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1W-7160 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅជើងទៅត្បូង បើកបរដោយឈ្មោះ សែម សិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល(រងរបួសធ្ងន់) ។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរ៉ឺម៉កមួយគ្រឿងម៉ាក HONDA C100 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0770 ធ្វើដំណើរលើផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ( ទិសដៅច្រាស់គ្នា ) បើកបរដោយឈ្មោះ ស្លេះ ហាំព្លី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( របួសស្រាល ) និងអ្នករួមដំណើរដោយឈ្មោះ លី អាំមីណាស់ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់ ) ។
ក្នុងករណីនេះបណ្តាលអោយរបួសស្រាលមនុស្ស ០១នាក់ របួសធ្ងន់២នាក់ ខូចខាត រ៉ឺម៉ក់ ០១គ្រឿង និងម៉ូតូ០១គ្រឿង ។ មូលហេតុបណ្តាលមកពីម៉ូតូម៉ាក HONDA CUB បើកបរមិនប្រកាន់ចំណែកផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង នាំយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅព្យបាលនៅមន្ទីរពេទ្យ ៕
មតិយោបល់