ព្រៃវែង៖ នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ជាស្នងការ នគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលត្រូវចូលនិវត្តន៍។ សមាសភាពចូលរួមនាឱកាសនោះរួមមាន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តមជា សុមេធិ ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត និងនាយ នាយរងនគរបាលខេត្តសរុបប្រមាណ ៣០០នាក់។
ក្រោយពីការថ្លែងការប្តេជ្ញាចិត្តរបស់លោកស្នងការនគរបាលថ្មី និងប្រសាសន៍ចាប់អារម្មណ៍របស់អភិបាលខេត្តព្រៃវែងរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះ លោកឧត្តមសេនីយ៍ទោ ស្រេង ជាអំពីកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងភូមិសាស្ត្រខេត្ត និងការកសាងនូវសមិទ្ធផលនានានៅក្នុងខេត្តព្រៃវែងទាំងមូល ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន បានមានប្រសាសន៍ ទៅកាន់កងកម្លាំងនគរបាលខេត្តទាំងមូល ដោយសង្កត់ធ្ងន់បន្ថែមទៅលើការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ដូចខាងក្រោម៖
-កងកម្លាំងនគរបាលគ្រប់ថ្នាក់ ត្រូវពង្រឹងតួនាទីធ្វើជាសេនាធិការជូនគណ:បញ្ជាការ ឯកភាពគ្រប់ថ្នាក់។
-ចាត់វិធានការពង្រឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ក្នុងខេត្ត ចាត់វិធានការណ៏បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងត្រូវបង្កើនការចិត្តទុកដាក់ខ្ពស់ចំពោះ សេវាបំរើប្រជាពលរដ្ឋ ។
- ត្រូវពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ ប្រើប្រាស់ធនធានមនុស្ស តាមជំនាញ អោយចំគោលដៅ និងដោយការទទួលខុសត្រូវខ្ពស់ ។
-ត្រូវធានាការគ្រប់គ្រងកម្លាំងប្រចាំការនៅតាមទីស្នាក់ការគ្រប់ថ្នាក់ បើកទ្វារពេញ២៤ម៉ោង ។
- យកចិត្តទុកដាក់ក្នុងការពង្រឹងការហ្វឹកហាត់ កម្លាំងអន្តរាគមន៍ ។
- ត្រៀមការធ្វើ ប្រតិកម្មរហ័ស។ កម្លាំងនគរបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់រាល់ព័ត៌មាន ខណៈបច្ចុប្បន្នប្រទេសកម្ពុជាមានការប្រឈមជាក់ស្តែងចំពោះព័ត៌មានបំពុលបរិយាកាស ដោយសារតែបច្ចេកវិទ្យាទំនើបនិងដោយសេរីនោះ។
- នគរបាលគ្រប់កម្រិតទាំងអស់ ត្រូវត្រៀមខ្លួនអនុវត្តន៍បទបញ្ជារបស់តុលាការទាក់ទង និងទណ្ឌិត សម រង្ស៊ី ៕
មតិយោបល់