ពោធិ៍សាត់ ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលឡើងដោយរថយន្ត ម៉ាកហៃលីនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2V.8275 បើកបរលើផ្លូវជាតិលេខ៥ ករណីនេះកើតឡើងកាលពីវេលាម៉ោង១៦និង០៨ នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះឈ្មោះ រ៉េន សុខលុម អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានជិះម៉ូតូម៉ាកហុងដាសេ១២៥ គ្មានស្លាកលេខបើកបរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចទៅកើត ខណៈជនរងគ្រោះបើកមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច(ច្រាសទិសគ្នា) បុកយ៉ាងពេញទំហឹងបណ្តាលឲ្យស្ត្រីអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ ភ្លាមៗនោះអ្នកបើកបរបានបើកទ្វារ រថយន្តរត់គេចខ្លួនបាត់ស្រម៉ោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចតែម្តង ។
លោកអនុសេនីយ៍ឯក សំ សុផាន់ណា អធិការរងនគរបានស្រុកបាកានបានឲ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បណ្តាមកកត្តាល្បឿនទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់