ពោធិ៍សាត់ៈ បុរសម្នាក់ជិះម៉ូតូ បើកលើសល្បឿន ធ្វើដំណើរក្នុងស្ថានភាពយប់ងងឹត មើលមិនច្បាស់ ជ្រុលទៅបុកក្មេងស្រីម្នាក់ កំពុងដើរលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៨និង៥០នាទី នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ បោះពួយយ៉ាងលឿន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្មេងកំពុងដើរលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ហើយបានបញ្ជូនក្មេងស្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកវាលវែង ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ សេង ស្រីតន់ អាយុ១២ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុង ភូមិ.ឃុំកើតហេតុខាងលើ ចំពោះអ្នកបើកបរម៉ូតូមានឈ្មោះ យស់ ចន្តា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល មានទីលំនៅក្នុងភូមិ.ឃុំខាងលើ ។
លោកអធិការ បន្តទៀតថា កត្តាដែលបង្កឲ្យមានគ្រោះចរាចរណ៍នេះ កើតឡើងគឺបណ្តាលមកពីកត្តាការប្រើប្រាស់ល្បឿន ចំពោះម៉ូតូបង្កម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G 1089។
បច្ចុប្បន្ន ម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់