ប៉ៃលិន៖ រសៀលថ្ងៃព្រហស្បតិ៍ ០២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ក្នុងពិធី អបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស” ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្ដប៉ៃលិន។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ដប៉ៃលិន ក៏បានសម្តែងនូវការកោតសរសើរ ក៏ដូចជាការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអង្គភាពទាំងអស់ អង្គការជាតិ អន្តរជាតិដែលបានចូលរួមគាំទ្រនិងសហការយ៉ាងសកម្មក្នុងការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩។ ជាចុងក្រោយឯកឧត្តម ក៏បានជូនពរដល់នារីទាំងអស់នៅខេត្តប៉ៃលិន សូមឲ្យទទួលបានតែសុភមង្គល និងសេចក្តីសុខគ្រប់ក្រុមគ្រួសារជានិរន្តន៍។
ជាកិច្ចបញ្ចប់នៃកម្មវិធី គណអធិបតី រួមជាមួយនិងប្រតិភូអមដំណើរ ក៏មានជាបាច់ផ្កាជូនទៅលោកជំទាវគណៈប្រតិភូ និងភ្ជាប់មកជាមួយអំណោយបន្តិចបន្តួចចែកជូនដល់ស្ត្រីដែលបានចូលរួមក្នុងអង្គពិធី ៕
មតិយោបល់