មណ្ឌលគីរី ៖ នៅព្រឹកថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ លោកឧត្តមសេនី យ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ម៉ៅ រិទ្ធី នាយការិ យាល័យបុគ្គលិក, លោកវរសេនីយ៍ ឯក ប៊ូ ប៊ុនឈាត អធិការនគរបាលស្រុកអូររាំង លោកអនុសេនីយ៍ទោ ផាន់ សុផល នាយផ្នែក ការិយាល័យគណនេយ្យ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០(ប្រាំមួយលាន)រៀល ជូនដល់គ្រួសារសពលោកអនុសេនីយ៍ត្រី ចាញ់ ហើត ជាមន្ត្រីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណភាព ។
លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរង បានសំដែងនូវទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កងកម្លាំងនគរបាលជាតិ ដែលរយៈពេលកន្លងមក លោកបានខិតខំ បំពេញការងារជូនអង្គភាពយ៉ាងសកម្មក្នុងការបំរើជាតិមាតុភូមិ ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត បានបញ្ជាក់បន្ថែមទៀតថាថវិកាទាំងអស់នេះ គឺបានមកពីសមាគមមិត្តនគរបាលជាតិ ដែលបង់ថវិកាជាប្រចាំសម្រាប់នៅពេលមានទុក្ខធុរៈដូចជាពេលនេះ។ ដូចនេះត្រូវយកថវិកាទាំងអស់នេះទៅចាត់ចែង និងដោះស្រាយទៅតាមតំរូវការចាំបាច់ ។
ក្រុមគ្រួសារនៃសព បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សមាគមមិត្តនគរបាលជាតិ ដែលយកចិត្តទុកដាក់ចំពោះពួកគាត់ និងសូមជូនពរអោយក្រុមការងារជួបតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ ៕
មតិយោបល់