បាតុកម្មប្រឆាំងការបោះឆ្នោតក្នុងប្រទេសថៃ បានធ្វើជាលើកដំបូងក្រោយការបោះឆ្នោតមិនទាន់ចេញជាលទ្ធផល ត្រូវគេចោទថា ជាការបោះឆ្នោតមិនត្រឹមត្រូវ។ ការធ្វើបាតុកម្មតវ៉ានេះ បានប្រព្រឹត្តទៅក្នុងក្រុងបាងកកកាល ពីថ្ងៃអាទិត្យគ្រាដែលក្រុមអ្នតវ៉ា បានទាមទារអោយមានការបណ្តេញសមាជិកគណៈកម្មការបោះឆ្នោតថៃ ដែលគេចោទអំពីការបង្កភាពច្រឡំបល់និងភាពលំអៀងជុំវិញលទ្ធផលនៃការបោះឆ្នោតនោះ។
បាតុកម្មក្នុងទ្រង់ទ្រាយតូច នៅក្បែរតំបន់នៃទីសក្ការៈថៃមហាព្រហ្ម Erawan ក្នុងក្រុងបាងកក មានបាតុករខ្លះបានកាន់បដាសរសេរថា ការបោះឆ្នោតបោកប្រាស់ និងបដាខ្លះសរសេរ ពលរដ្ឋត្រូវការបោះឆ្នោត ។ ក្រុមបាតុករបានស្រែកថា គឺគណបក្សភឿថៃទេ ដែលឈ្នះការបោះឆ្នោតសកលនេះ។ ក្រុមបាតុករ បានប្រមូលស្នាមមេដៃក្នុងញ្ញត្តិមួយ ដែលទាមទារអោយមានការបណ្តេញសមាជិកគណៈកម្មការបោះឆ្នោតថៃចេញពីតំណែង។ បាតុកម្មដទៃទៀតត្រូវគេឃើញបានធ្វើ នៅក្បែរវិមានជ័យជំនះរបស់ថៃផងដែរ កាលពីថ្ងៃអាទិត្យទី៣១មីនា។
ការបោះឆ្នោតបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤មីនាឆ្នាំ២០១៩។ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវគេប្រកាសជាផ្លូវការនៅថ្ងៃទី៩ឧសភា ប៉ុន្តែមុនការប្រកាសឈានមកដល់ លទ្ធផលជាបណ្តើរបានបញ្ចេញអោយដឹង ក្នុងនោះ មានគណបក្ស២ ក្នុងចំណោមគណបក្សដទៃទៀតដែលមានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេ។ គណបក្សភឿថៃបានអះអាងថា សម្លេងគាំទ្ររបស់គេ បានទទួលច្រើនជាងគេក្នុងអាសនៈរដ្ឋសភា ដែលពួកគេបានអះអាងនូវសិទ្ធិ បង្កើតសម្លេងរដ្ឋាភិបាលចម្រុះ ប៉ុន្តែគណបក្សផាឡាំ ផាឆារ៉ាត់ បានអះអាងការឈ្នះលើចំនួនសម្លេងបោះឆ្នោតគាំទ្រច្រើនលើសលុប ពីប្រជាពលរដ្ឋថៃ ដែលការអះអាងឈ្នះទាំង២នេះហើយ បានធ្វើអោយពលរដ្ឋអ្នកគាំទ្រ មានការច្រឡំបល់រៀងៗខ្លួន ៕
មតិយោបល់