កណ្ដាលៈ បុរសជាមុខសញ្ញាលួចម៉ូតូម្នាក់ ត្រូវបាននគរបាលស្រុកកោះធំធ្វើការចាប់ខ្លួន ក្រោយពីបុរសសង្ស័យខាងលើនេះឃើញម៉ូតូគេផ្ញើរទុកនៅជាមួយតាៗ ក៏បែកគំនិតធ្វើសកម្មភាពលួចជិះយកទៅបាត់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥ព្រឹក ត្រង់ចំណុចវត្តពាមឃ្លាំង ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ។
មន្ដ្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី សារ៉ាក់ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងកើត ឃុំលើកដែក ស្រុកកោះធំ ។ ចំណែកជនរងគ្រោះឈ្មោះ ស្មោញ វ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ។ ចំណែកសម្ភារះបាត់បង់មាន មូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៧ ជនរងគ្រោះជាម្ចាស់ បានយកម៉ូតូរបស់ខ្លួនមកផ្ញើជាមួយតាៗនៅវត្តពាមឃ្លាំង ដោយមិនបានចាក់សោរកនោះទេ រួចជនរងគ្រោះ បានជិះទូកទៅផ្ទះ ។ លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានត្រឡប់មកពីផ្ទះវិញមកយកម៉ូតូនៅកន្លែងផ្ញើពីតាៗ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ភ្លាមនោះតាៗអ្នកទទួលម៉ូតូផ្ញើ ប្រាប់ថា៖ ម៉ូតូនោះ មានឈ្មោះ លី សារ៉ាក់ បានយកម៉ូតូជិះចេញទៅបាត់តាំងពីម៉ោង៥ព្រឹកម្លេះ ហើយបានឃាត់មិនឲ្យយកដែរ តែជនសង្ស័យ មិនស្តាប់ ។ បន្ទាប់ពីជនរងគ្រោះទទួលព័ត៌មានថាឈ្មោះ លី សារ៉ាក់ បានយកម៉ូតូទៅបាត់ ភ្លាមនោះម្ចាស់ម៉ូតូក៏បាននាំគ្នាដើររក តែរកជនសង្ស័យមិនឃើញនោះទេ ។ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង០០នាទី ទើបរកឃើញជនសង្ស័យ រួចក៏បានសួរនាំ ហើយជនសង្ស័យបានឆ្លើយថា ម៉ូតូនោះ ខ្លួនយកលាក់ទុកក្នុងព្រៃ ក្នុងភូមិសាស្ត្រ ឃុំពាមរាំង ស្រុកលើកដែក ភ្លាមនោះម្ចាស់ម៉ូតូ ក៏បានាំជនសង្ស័យ ទៅរកក្នុងព្រៃនោះ តែមិនឃើញម៉ូតូនោះទេ ។
ក្រោយពីរកម៉ូតូខ្លួនមិនឃើញ ជនរងគ្រោះបាននាំជនសង្ស័យមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕
មតិយោបល់