ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃឃុំថ្មដារាយការណ៍ថា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ (ប្រទេសថៃ) នៅចំណុចទល់មុខច្រក៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការផ្ទុះអាវុធដោយកងកម្លាំងជនជាតិថៃ បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ និងរងរបួសធ្ងន់ម្នាក់នៅគ្រាដែលជនរងគ្រោះទាំង២នាក់នេះលួចឆ្លងដែនចូលទឹកដីប្រទេសថៃដើម្បីរកកាប់ឈើក្រញូង ។
ប្រភពសេចក្ដីរាយការណ៍ខាងលើបន្តថា ជនរងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ អាត វិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ និងជនរងគ្រោះម្នាក់ ទៀត(ស្លាប់)ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា។ ដោយឡែកអ្នក រងរបួសត្រូវបានកម្លាំងសមត្ថកិច្ចប្រទេសថៃបញ្ជូនទៅសង្រ្គោះ។ ចំណែកសាកសព(ស្លាប់)នោះក៏កំពុងស្ថិត នៅប្រទេសថៃនៅឡើយផងដែរ សមត្ថកិច្ចកម្ពុជានិងថៃកំពុងសហការគ្នាធ្វើការជុំវិញបញ្ហានេះ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីកងកម្លាំងប្រដាប់ដោយអាវុធប្រទេសបាញ់សម្លាប់ពលរដ្ឋខ្មែរ នេះពុំមែនទើបតែកើតមាននោះទេ សម្រាប់ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ។ គឺតែងតែ កើតមានជាហូរហែនាពេលកន្លងមក ដោយសារតែចលនាមេឈ្មួញរកឈើក្រញូងបំផុសបំផុលដល់ពលរដ្ឋ ឲ្យមានការរួមចំណែកឃុបឃិតសីសង្វាក់គ្នាពីសំណាក់សមត្តកិច្ចព្រំដែនតែម្ដង។ ក្នុងករណីនេះផងដែរប្រជាពលរដ្ឋក៏ស្នើដល់ទៅថ្នាក់លើក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេតស៊ីជម្រៅទៅលើមន្ត្រីកងកម្លាំងការពារព្រំដែនឲ្យបានល្អិតល្អន់ទើបប្រជាពលរដ្ឋ អាចនិងមានការកាត់បន្ថយរងគ្រោះដោយសារក្រុមឈ្មួញខិលខូចនេះបាន៕ ដោយ៖ ឌិន សុខស៊ីថា
មតិយោបល់