ព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយមានសារព័ត៌មាន និងការផ្សព្វផ្សាយពីបណ្តាញសង្គមមួយចំនួនតូច កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធលើករណី មានការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តារសណ្ឋគារ កាស៊ីណូ ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះ លោកឧត្តមសេនីយន៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារ អោយលោកឧត្តមសេនីយន៍ត្រី សៅ ស៊ាន ស្នងការរងទទួលផែន សន្តិសុខ ចុះទៅស្រាវជ្រាវ ហើយបានកោះហៅម្ចាស់អ្នកទទួលខុសត្រូវទីតាំង សណ្ឋាគារនិងកាស៊ីណូ យ៉ីហោ តុង យៀង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុអោយមកចូលបំភ្លឺពាក់ព័ន្ធករណីខាងលើ ហើយក៏បានធ្វើកិច្ចសន្យាអោយបញ្ឈប់ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសដោយពុំមានការឆ្លងកាត់ជ្រើសរើសច្បាប់ទម្លាប់ និងខុសពីបទដ្ឋានផ្លូវច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។
ក្នុងការបំភ្លឺនោះដែរ លោកស្រី Liu Jie ជនជាតិចិន កាន់លិខិតឆ្នលងដែនលេខ E16770074 ជាបុគ្គលិកផ្នែកទំនាក់ទំនង ហើយជាតំណាងអោយសណ្ឋាគារ កាស៊ីណូអន្តរជាតិ តុង យៀង នេះ បានបំភ្លឺថា ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសនេះគឺធ្វើឡើងបានចំនួនមួយថ្ងៃក៏រំសាយទៅវិញ ហើយបច្ចុប្បន្នពុំមានសន្តិសុខឯកជនជាជនបរទេសមិនស្របតាមបទដ្ឋានច្បាប់នោះទេ។
លោកស្រីក៏បានសន្យាថានឹងពាំនាំការណែនាំរបស់សមត្ថកិច្ចខេត្ត ទៅកាន់លោកលោកស្រីថៅកែរបស់ខ្លួនដែលជាម្ចាស់ទីតាំងអោយជ្រាបជាព័ត៌មាន និងសន្យាថានឹងសហការល្អជាមួយសមត្ថកិច្ចខេត្ត និងមិនអោយមានសន្តិសុខឯកជនផ្ទាល់ខ្លួនដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់តទៅទៀតទេ ចាប់ពីពេលនេះតទៅ។
ជាចុងក្រោយនេះលោកឧត្តមសេនីយន៍ស្នងការ សូមអោយម្ចាស់ផេកផ្សេងៗដែលពាក់ព័ន្ធសូមអធ្យាស្រ័យឈប់បង្ហោះផ្សាយពាក់ព័ន្ធករណីនេះទៀត ព្រោះថាសមត្ថកិច្ចយើងបានកោះហៅតំណាងម្ចាស់ទីតាំងមកធ្វើកិច្ចសន្យារួចរាល់តាំងពីថ្ងៃម្សិលមិញទី២៩ ខែមេសានេះហើយ ៕
មតិយោបល់