បន្ទាយមានជ័យ៖ កាំភ្លើង AK ១ដើម មានបង់ប្រាំ មានបីបង់គ្រាប់ពេញ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈ ដែលត្រាក់ទ័រព្យួរដីធ្វើស្រែ ព្យួរប៉ះកប់ក្នុងដីជម្រៅកន្លះម៉ែត្រ ស្ថិតនៅចំណុចដីស្រែមួយកន្លែង ចម្ងាយពីភូមិគោកធ្នង់កើត ប្រមាណ២ពាន់ម៉ែត្រ នៃឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ។
បើយោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា កាំភ្លើងAK១ដើមនោះ មានបង់ប្រាំ មានបីបង់គ្រាប់ពេញ ច្រេះពុកខូចគុណភាពមិនអាចប្រើប្រាស់បាននោះឡើយ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចកាំភ្លើងនោះ ត្រូវជនមិនស្គាល់យកទៅកប់ចោលក្នុងអំឡុងពេលយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋម្ចាស់ស្រែមាន ឈ្មោះ ឆ្លៅ ប៊ុនរឿន ភេទស្រី អាយុ៣២ឆ្នាំ ដីស្រែនោះ គាត់ទើបតែទិញដីធ្វើស្រែ ហើយក៏ជួលត្រាក់ទ័រដើម្បីព្យួរឈូសឆាយពង្រាបដីធ្វើស្រែ ក៏ប្រទះឃើញកាំភ្លើង AK នោះតែម្តង ហើយក៏បានយកកាំភ្លើងនោះ មកប្រគល់ឲ្យមេភូមិ ហើយមេភូមិក៏យកប្រគល់បន្តឲ្យនគរបាលប៉ុស្ថិ៍ឃុំអូរប្រសាទ ដើម្បីរក្សាទុក៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់