កំពង់ធំ៖ កាលពីថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសការប្រារព្ធពិធីបុណ្យវិសាខបូជា នៅខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងកោតសរសើរដល់កងកម្លាំងដែលបានគោរព អនុវត្តតួនាទី ភារកិច្ច បានល្អ មានអង្គឯកភាព ត្រឹមត្រូវ ក្នុងការចូលរួមប្រារព្វព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម៦៦យាងចូល៦៧ព្រះវស្សា ដែលរៀបចំដោយរដ្ឋបាលសាលាខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៩ បង្ហាញអោយឃើញពីកិត្តិយស សេចក្តីថ្លៃថ្នូរ របស់សាម៉ីខ្លួន និងអង្គភាព ដល់មហាជនដែលបានចូលរួមក្នុងពិធីនោះផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តបានប្រសាសន៍ លើកឡើងពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យដ៍ធំមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត។ ហើយថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ជាថ្ងៃចុងក្រោយនៃពុទ្ធសករាជ២៥៦២ ហើយថ្ងៃ អាទិត្យ ០១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣។
ថ្ងៃវិសាខបូជា ជាថ្ងៃមហាមង្គលទាំង បីដែលព្រះ សម្មាសម្ពុទ្ធបរមគ្រូទ្រង់ ប្រសូតិចាកឧទរព្រះមាតាផង ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណផង និងទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានផង និងទុកជាមហាកុសលដ៍ថ្លៃថ្លាបំផុត។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ជាពុទ្ធសាសនិក តែងតែប្រារព្ធពិធីបុណ្យវិសាខបូជាគ្រប់ទៅវត្តអារាមទូទាំងប្រទេសកម្ពុជា។ ហើយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងភូមិកំពង់ក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រារព្ធពិធីវិសាខបូជា ដែលមានថ្នាក់ដឹកនាំ ប្រធាន អនុប្រធានមន្ទីរ អស់លោកស្រីដែលជាពុទ្ធសាសនិកអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំក្រើនរំលឹកដល់អស់លោកនាយការិយាល័យ ត្រូវត្រួតពិនិត្យ និងធ្វើផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តកិច្ចការងារបន្តជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ ដើម្បីសម្រេចបានជោគជ័យក្នុងការងារបន្ថែមទៀត។ ដោយបន្តធ្វើការពិនិត្យ និងអនុវត្តអំពី តួនាទីភារកិច្ច យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ
ស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ លើសពីនេះ គ្រប់គ្រង់ត្រួតពិនិត្យមន្ត្រីក្រោមឱវាទ របស់ខ្លួន ឲ្យបានត្រឹមត្រូវច្បាស់លាស់គ្រប់ពេលវេលាជាពិសេសកងកម្លាំងវេនប្រចាំបញ្ជា ២៤ ម៉ោងលើ២៤ ម៉ោង នៅស្នងការដ្ឋាននគរបាលខេត្ត ដែលរង់ចាំអនុវត្តបទបញ្ជា របស់ថ្នាក់ដឹកនាំ ក្នុងការបំពេញបេសកកម្ម ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕
មតិយោបល់