បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ និងអ្នករួមដំណើរត្រូវជាកូនរងរបួសស្រាល ក្នុងករណីគ្រោះចរាចរណ៍រវាងរថយន្ត បុកនឹងម៉ូតូក្នុងទិសដៅច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១និង៣០នាទី ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលំ ក្នុងទីប្រជុំជនត្រង់ចំណុចមុខផ្ទះឈ្មោះ ឡាច គឹមណា ស្ថិតនៅភូមិរពាក់ ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 3A.0344 បើកបរដោយឈ្មោះ ហាយ ហុក ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន នៅភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរឈ្មោះ អែម ស្រែង ភេទប្រុស អាយុ១៤ ឆ្នាំនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងត្បូង ទៅទិសខាងជើង ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បណ្តាលអោយបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 សេរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T.0827 ពេញមួយទំហឹង ក្នុងទិសដៅច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ មាន សាវ៉ិន ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (មានពាក់មួកសុវត្ថិភាព) បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ រីឯអ្នករួមដំណើរឈ្មោះ ទៀត សុគន្ធា ភេទស្រី អាយុ១១ឆ្នាំ ត្រូវជាកូនបង្កើតអ្នកបើកបរ (មានពាក់មួកសុវត្ថិភាព) រងរបួសស្រាលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។
ក្រោយពីកើតហេតុ វត្ថុតាងទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការស្រុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ រឿង ចន្ទ្រា
មតិយោបល់