ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជាលើកទី៧៤ នៅថ្ងៃទី១៦ ឧសភានេះ ក្នុងបរិវេណក្រសួងមហាផ្ទៃ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងមន្ត្រីជាន់ខ្ពស់នានាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសារុបស្នាដៃ និងសមិទ្ធិផលរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៩ ដោយលើកឡើងនូវចំណុចធំៗពាក់ព័ន្ធការងាររក្សាការពារសន្តិសុខជាតិ, ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស, ការងាររក្សាសណ្តាប់ធ្នាប់, ការងារគ្រប់គ្រងប្រជាពលរដ្ឋ និងជនបរទេស, ការងារថែរក្សាការពារសន្តិសុខព្រំដែន, កំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំង និងការងារភស្តុភារ និងហិរញ្ញវត្ថុ។ សុន្ទរក៩ទំព័រ របស់ឯកឧត្តមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបានបញ្ជាក់ពីចំណុចប្រឈមថែមទៀតសម្រាប់ឆ្នាំ២០១៩ ពាក់ព័ន្ធវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់បរទេស និងចេតនាទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់រួមជាមួយនិន្នាការអមិត្តប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅជាមួយគ្នានោះផងដែរ បានថ្លែងបញ្ជាក់នូវវិធានការ១០ចំណុច របស់នគរបាលជាតិក្នុងការអនុវត្តតាមគោលការណ៍ និងវិធានការសំខាន់ៗសម្រាប់ឆ្នាំ២០១៩។ វិធានការទាំង១០រួមមាន ការប្តេជ្ញាការពារអោយបានគត់មត់នូវអធិបតេយ្យជាតិ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ, ខិតខំលើកកម្ពស់ប្រសិទ្ធិភាពថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់, ពង្រឹងវិធានការណ៍ក្នុងការកាត់បន្ថយបទល្មើសគ្រប់ប្រភេទ, បន្តសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ, ខិតខំជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់អន្តោប្រវេសន៍, បន្តពង្រឹងវិធានការណ៍ក្នុងជំនាញការគ្រប់គ្រង ការរក្សាទុកការប្រើប្រាស់អាវុធ គ្រឿងជាតិផ្ទុះ និងគ្រាប់រំសេវ, បន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីរួមចំណែកលើកស្ទួយគោលនយោបាយទេសចរណ៍ជាតិ, ខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងការពារព្រំដែន នៃប្រទេសជិតខាងដើម្បីបង្កលលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការចេញចូលឆ្លងកាត់ព្រំដែនស្របច្បាប់ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងលើកកម្ពស់គុណភាពក្នុងការកសាងធនធានមនុស្ស។
សម្តេចក្រឡាហោម ស ខេង នៅជាមួយគ្នានោះផងដែរ បានមានប្រសាសន៍គាំទ្រចំពោះគោលការណ៍វិធានការណ៍ប្រកបដោយការប្តេជ្ញាចិត្តដែលលើកឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងបានផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុចក្នុងឳកាសប្រារព្ធខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជា លើកទី៧៤។ ចំណុចនៃអនុសាសន៍ទាំង៥រួមមាន៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារកងកម្លាំង, ការប្តេជ្ញាចិត្តរួមគ្នាបន្តការកែទម្រង់នគរបាលជាតិអំពីក្របខណ្ឌ ឋានន្តរសក្តិ៍ តួនាទី និងមុខងារ, កងកម្លាំងអនុវត្តច្បាប់ត្រូវមានលក្ខណៈសម្បត្តិ និងនីតិសម្បទាគ្រប់គ្រាន់ក្នុងការបម្រើប្រជាពលរដ្ឋ , កសាងអភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័ន, ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំអង្គភាព និងកងកម្លាំងក្រោមឳវាទ, ត្រូវបន្តលើកទឹកចិត្តនិងបំផុលចលនាផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ តាមរយៈការបន្តពង្រឹងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនានានាជាមួយអង្គភាពប៉ុស្តិ៍នគរបាលជួរមុខដោយបំផុស អោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន, និងសម្តេចក្រឡាហោម ក្នុងប្រសាសន៍ចុងក្រោយបានជម្រុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវលើកកម្ពស់ស្មារតីសហការដឹកនាំ និងគាំទ្រដល់សកម្មភាពរបស់កងកម្លាំងនគរបាលជាតិ៕
មតិយោបល់