ភ្នំពេញ ៖ ដុំដែករាប់តោនដឹកដោយរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង បើកឡើងស្ពានព្រះមុនីវង្ស ស្រាប់តែដាច់ខ្សែកាបចងភ្ជាប់ដុំដែកក៏រមៀលទៅខាងឆ្វេងដៃបាក់ជញ្ជាំងដែករថយន្តហើយរមៀលធ្លាក់ទៅបុកបង្កាន់ដៃស្ពានបាក់រួចធ្លាក់ចុះមកក្រោមស្ពានដល់ដី រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង ក្បាលពណ៌បៃតងខ្ចី ដឹកដុំដែកទម្ងន់រាប់តោន ពាក់ស្លាកលេខ ភ្នំពេញ 3E-3400 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះបើកឡើងស្ពានព្រះមុនីវង្ស បានប្រហែលជាង១០ម៉ែត្រ ស្រាប់តែដាច់ខ្សែកាបចងភ្ជាប់ដុំដែក រមៀលទៅខាងឆ្វេងដៃបាក់ជញ្ជាំងដែករថយន្តហើយរមៀលធ្លាក់ទៅបុកបង្កាន់ដៃស្ពានបាក់ធ្លាក់ចុះក្រោមស្ពានដល់ដី រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្បារអំពៅទី១ បានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យមើលនិងវាស់វែងជាក់ស្ដែង រួចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់