តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាន លោក អធិការ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាទី អញ្ជើញប្រគល់ថវិកា២លានរៀល ជូនដល់លោកអនុសេនីយ៍ឯក នួន ឈឺនតារា មន្ត្រី អធិការដ្ឋាននគរបាលស្រុកបាទី ត្រូវជាស្វាមីសព លោកស្រី ចេង ម៉ាលីណា ដែលទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដោយ(ជំងឺមហារីមាត់) ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ។
ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ ៕
មតិយោបល់