បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុត្ថិភាពដើម្បីធានាការការពារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរគ្រាដែលនៅខេត្តបន្ទាយមានជ័យបទល្មើសព្រហ្មទណ្ឌនៅឆ្នាំ២០១៨កន្លងទៅនេះកើតមាននិងកើនឡើងជាងឆ្នាំ២០១៧។ឆ្នាំ២០១៨បទល្មើស៨៥លើកលើ៥១លើកនៅឆ្នាំ២០១៧ដោយមានការកើនឡើង៣៤លើក។ប៉ុន្តែរាល់បទល្មើសព្រហ្មទណ្ឌកើតឡើង ៨៥លើកលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបនិងចាប់ខ្លួនជនល្មើសពីសំណាក់កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យអនុវត្តសម្រេចបានលទ្ធផលល្អដោយបង្រ្កាបបានបទល្មើស៦៣លើកស្មើនិង៧៤ភាគរយនិងបានចាប់ខ្លួនជនល្មើស១០៥នាក់។កិច្ចប្រជុំពង្រឹងត្រួតពិនិត្យនៃការអនុវត្ត គោលនយោបាយភូមិឃុំមានសុត្ថិភាព បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាពអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក លី គឹមឡុង និងអភិបាលរងខេត្តបន្ទាយមានជ័យ លោក គឹង វណ្ណៈ។ក្នុងនោះមានការអញ្ជើញចូលរួមពីអភិបាលស្រុកក្រុង លោកអធិការនគរបាលស្រុកក្រុងទាំង៩ លោកលោកស្រីមេឃុំចៅសង្កាត់ និងនាយប៉ុស្ថិ៍នគរបាលរដ្ឋឃុំសង្កាត់ទាំង៦៥ ទូទាំងខេត្តបន្ទាយមានជ័យបានចូលរួមផងដែរ។
ស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ឈឿម សុផុន បានឡើងអានរបាយការណ៍នៃកិច្ចការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលបានអនុវត្តកាលពីឆ្នាំ២០១៨ កន្លងទៅនេះឱ្យដឹងថាក្នុងចំណោម៦៥ឃុំសង្កាត់នៅក្នុងខេត្តបន្ទាយមានជ័យមានឃុំចំនួន២ធ្លាក់ចំណាត់ថ្នាក់នៃកិច្ចការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយឡែក៦៣ឃុំសង្កាត់ទៀតបានជាប់ចំណាត់ថ្នាក់ល្អ។ចំណាត់ថ្នាក់លេខ១មាន៣៦ឃុំសង្កាត់,លេខ២មានចំនួន១៧ឃុំសង្កាត់និងលេខ៣មានចំនួន១០ឃុំសង្កាត់។
លោកស្នងការស្តីទីបានឱ្យដឹងទៀតថាកិច្ចការងារនេះផងដែរកម្លាំងនគរបាលសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយពីកិច្ចលក្ខណៈសម្បត្តិ៩យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ៩.៣០៦លើក និងធ្វើវេទិការសាធារណៈ១.៣៣០លើក ដើម្បីឱ្យប្រជាបលរដ្ឋយល់ដឹងនិងចូលរួមបង្ការទប់ស្កាត់បទល្មើស។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក គឹង វណ្ណៈ បានលើកឡើងថាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពមានសារៈសំខានណាស់ដើម្បីភូមិ ឃុំយើងមានសន្តិសុខសុវត្ថិភាពល្អ។ ខេត្តបន្ទាយមានជ័យជារួមដោយការខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់សហការគ្នាបានល្អធ្វើឱ្យខេត្តបន្ទាយមានជ័យអនុវត្តការងារផ្តល់សេវាសន្តិសុខ រក្សាបានសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ។បទល្មើសត្រូវបានបង្ការទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលា។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក លី គឹមឡុង ក៏បានមានប្រសាសន៍និងវាយម្លៃខ្ពស់ដែលយោងតាមរបាយការណ៍នៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យនិយាយជារួមទទួលបានលទ្ធផលល្អ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក លី គឹមឡុង បានមានប្រសាសន៍ទៀតថា កិច្ចការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺជាមូលដ្ឋានគ្រឹះដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុតដោយមូលហេតុការងារភូមិឃុំមានសុវត្ថិភាពវាគ្របដណ្តប់ទូទាំងប្រទេស។បើគ្មានស្ថិរភាពតាមមូលដ្ឋានទេនោះ វាបង្កឱ្យប៉ះពាល់ជះឥទ្ធិពលអសន្តិសុខលើផ្ទៃប្រទេស។ដូច្នេះការងារនេះទាមទារឱ្យកងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរួមគ្នាចាត់វិធានការដោះស្រាយប្រើប្រាស់កម្លាំងសរុបវិធានការសរុប។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក លី គឹមឡុង ក៏បានណែនាំដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចបន្តបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងកាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធរដែននិងសមត្ថកិច្ច។មិនតែប៉ុណ្ណោះត្រូវផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈឱ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋផងដែរ៕សំ វិច្ឆិកា
មតិយោបល់