ក្រុមអ៊ីស្លាមជ្រុលនិយម អាប៊ូ សាយ៉ាហ្វ (Abou Sayyaf)ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសហ្វីល្លីពីន បានបង្ហោះវីដេអូមួយដោយបង្ហាញពីការធ្វើឃាតទៅលើជនជាតិអាល្លឺម៉ង់មួយរូបដែលជាអ្នកបើកទូកក្តោង ។
តាមប្រភពរដ្ឋាភិបាលហ្វីលីពីន បានអោយដឹងថា អំពើឃាតកម្មទៅលើជនជាតិអាល្លឺម៉ង់មួយរូបនោះ គឺក្រុមអ៊ីស្លាមជ្រុលនិយម អាប៊ូ សាយ៉ាហ្វ បានអារកសម្លាប់យ៉ាងព្រៃផ្សៃបំផុត ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Intelligence Group ដែលមានជំនាញខាងតាមឃ្លាំមើល លើប្រព័ន្ធ អ៊ីធើណែត ( Internet )របស់ក្រុមអ៊ីស្លាមជ្រុលនិយមបានជូនដំណឹងអំពីវីដេអូមួយដែលបង្ហោះដោយពួកអ៊ីស្លាមជ្រុលនិយម។
រូបភាពវីដេអូនោះ បានបង្ហាញរូបភាពនៃសមាជិកម្នាក់របស់ក្រុមអ៊ីស្លាមជ្រុលនិយម Abou Sayyaf ដែលកំពុងតែអារកសម្លាប់ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះJürgen Kantner ដោយកាំបិតយ៉ាងមុត និងគួរអោយរន្ធត់ ។
ក្រោយពីការផ្សព្វផ្សាយរូបភាពវីដេអូបានបន្តិចមកអ្នកទទួលខុសត្រូវម្នាក់របស់រដ្ឋាភិបាលហ្វីលីពីនក៏បានថ្លែងបញ្ជាក់ដែរពីមរណៈភាពរបស់បុរសជនជាតិអាល្លឺម៉ង់ដែលមានអាយុ៧០ឆ្នាំ។ក៏ប៉ន្តែមន្ត្រីយោធាហ្វីលីពីននៅភាគខាងត្បូងប្រទេសវិញបានអះអាងថា ពួកគេនៅតែពុំទាន់រកឃើញសាកសពរបស់លោកJürgen Kantner នៅឡើយទេ។
សូមរំលឹកជូនថា កាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំមុន កងទ័ពហ្វីល្លីពីនធ្លាប់បានជូនដំណឹងដែរពីការរកឃើញនាវាក្តោងឈ្មោះle Rockall របស់លោក Kantner ដែលបានរសាត់ទៅដល់ប៉ែកខាងត្បូងកោះហ្វីលីពីន។ រីឯសាកសពភរិយារបស់លោក Kantner វិញ ត្រូវបានគេរកឃើញនៅលើនាវាក្តោងរបស់ជនរងគ្រោះដោយមានមុខស្នាមរបួសដោយគ្រាប់កាំភ្លើង។
គូស្វាមីភរិយាសញ្ជាតិអាល្លឺម៉ង់នេះធ្លាប់ត្រូវបានក្រុមចោរសមុទ្រសញ្ជាតិម៉ាលីចាប់ជម្រិតម្តងមកហើយកាលពីឆ្នាំ២០០៨កន្លងទៅនៅក្នុងឈូងសមុទ្រAden នឹងត្រូវពួកខ្មាំងចាប់ទុកអស់រយៈពេល៥២ថ្ងៃ។ លោក Kantner នៅតែពន្យល់ប្រាប់ថាលោកពុំបោះបង់ចោលជាដាច់ខាតការបើកបរនាវាក្តោងរបស់គាត់។
ក្រុមAbou Sayyaf កាលពីខែមេសានិងមិថុនាឆ្នាំ២០១៦កន្លងទៅធ្លាប់បានប្រហារជីវិតជនជាតិកាណាដា២រូបដោយសារតែរដ្ឋាភិបាលកាណាដាពុំព្រមបង់ប្រាក់ដើម្បីលោះចំណាត់ខ្មាំង។ក្រុមអ៊ីស្លាមហ្វីលីពីននេះដែលមានទីតាំងនៅតំបន់កោះឆ្ងាយដាច់ស្រយាលប៉ែកខាងត្បូងប្រទេសតំបន់ដែលមានប្រជាជនរស់នៅភាគច្រើន ជាអ្នកកាន់សាសនាអ៊ីស្លាមនិងក៏ជាអ្នកមានភក្តីភាពជាមួយអង្គការរដ្ឋអ៊ីស្លាម។
ក្រុម Abou Sayyaf ធ្លាប់បានជំរិតទារប្រាក់រាប់លានដុល្លារជាតម្លៃដើម្បីលោះថ្នូរ ជនជាតិបរទេសនិងជាក្រុមបរិស័ទកាន់សាសនាគ្រឹស្តិជាដើម។កាលពីឆ្នាំ២០១៤ ក្រុមAbou Sayyaf បានចាប់ស្វាមីភរិយាសញ្ជាតិអាល្លឺម៉ង់មួយគូផ្សេងទៀតនៅលើនាវារបស់ពួកគាត់ក្នុងភាគខាងត្បូងហ្វីល្លីពីនដែរតែ៦ខែក្រោយមកត្រូវបានពួកអ៊ីស្លាម បានដោះលែងអោយមានសេរីភាពវិញបន្ទាប់ពីក្រុមអ៊ីស្លាមនេះ បានទទួលប្រាក់ចំនួន ២៥០លាន ប៉េសូឬស្មើនឹង៤លាន៦សែនអ៊ឺរ៉ូដែលពួក Abou Sayyaf បានទាមទារជាថ្នូរនឹងការដោះលែងចំណាត់ខ្មាំង។
សូមបញ្ជាក់ថា ក្រុម Abou Sayyaf ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាអង្គការភេរវនិយមពីព្រោះក្រុមនេះត្រូវបានបង្កើតឡើងក្នុងទស្សវត្តន៍ឆ្នាំ១៩៩០ ដោយមានការឧបត្ថម្ភផ្នែកហិរញ្ញប្បទានពីសំណាក់បណ្តាញភេរវនិយមAl-Qaïda ៕
មតិយោបល់