ខេត្តបន្ទាយមានជ័ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិសរុប៨លានរៀលជូនដល់គ្រួសារនគរបាលមរណៈនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ២គ្រួសារ ។
ទី១-គ្រួសារមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបុស្បូវ១រូប ឈ្មោះ ប៊ុន ពេក ភេទប្រុស អាយុ៥០ឆ្នាំ ឋានន្តរសក្តិអនុសេនីយ៍ត្រី រស់នៅភូមិសាលាក្រៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពដោយរោគាពាធកាលពី៣ខែមុន ដោយទទួលបានថវិកា៦លានរៀល ។
ទី២-ភរិយារបស់មន្ត្រីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ មានឈ្មោះ ធៀប ឈឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលភរិយារបស់ លោកមានឈ្មោះ វ៉ាន់ យិន អាយុ៦៣ឆ្នាំ បានស្លាប់ដោយរោគាពាធ កាលពី២ខែមុន ដោយទទួលបានថវិកា២លានរៀល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសំណេះសំណាលជាមួយគ្រួសារនគរបាលទាំង២គ្រួសារដោយពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ស្នងការ ដែលលោកចូលរួមសោកស្តាយ នៃការបាត់នបង់ជីវិតមន្ត្រីនគរបាលដែលមានស្នាដៃបំរើការងារក្នុងអង្គភាព និងបំរើប្រជាពលរដ្ឋបានល្អកន្លងមក រួមនឹងមន្ត្រីនគរបាលចូលនិវត្តន៍ដែលភរិយាជាទីស្រលាញ់ទទួលមរណភាពកន្លងមកនេះ ។ ថវិកាទាំងនេះមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែអាចយកទៅចាត់ចែងធ្វើបុណ្យខួប១០០ថ្ងៃ ដើម្បីដោះស្រាយការលំបាកបានមួយគ្រា ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សក៏បានលើកឡើងទៀតថា ជានិច្ចកាល លោកឧត្តមសេនីយ៍ស្នងការតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារនគរបាលទាំងអស់ដែលជួបបញ្ហាលំបាក តាមរយៈសិល្បៈចែករំលែកជូយឧបត្ថម្ភគ្នាទៅវិញទៅមក ។ ទោះបីមន្ត្រីនគរបាលចូលនិវត្តន៍ ឬគ្រួសារនគរបាលមរណៈ ក៏លោកឧត្តមសេនីយ៍ស្នងការមិនបោះបង់ចោលប្អូននោះឡើយ។
ជាចុងបញ្ចប់ លោកស្នងការរងក៏ជូនពរគ្រួសារនគរបាលមរណៈទាំង២គ្រួសារ ដែលមកទទួលថវិកាមានសុខភាពល្អ បំពេញភារកិច្ច និងការប្រកបមុខរបរប្រចាំថ្ងៃជោគជ័យ ៕
មតិយោបល់