សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី បានឆាបឆេះអស់រយៈពេល៦ឆ្នាំហើយ គឺចាប់តាំងពីខែមីនាឆ្នាំ២០១១កន្លងមក ហើយសង្គ្រាមនេះនៅតែឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឡើយ ដោ យភាគីជម្លោះនៅក្នុងប្រទេសនេះ នៅតែបន្តប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅឡើយ ។
ភ្លើងសង្គ្រាមនៅស៊ីរី បានឆក់យកជីវិតមនុស្សជិតកន្លះលាននាក់ហើយ និងមនុស្សប្រ មាណជាង១២លាននាក់ផ្សេងទៀត បានក្លាយខ្លួនជាជនភៀសខ្លួននៅលើទឹកដីកំណើតរបស់ ខ្លួន និងទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសគឺប្រទេសជិតខាង តែសន្តិខ។
ចំណែកភាគីពាក់ព័ន្ធក្នុងសង្គ្រាមនេះ គឺមានសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី ដោយ អាមេរិកគាំទ្រខាងពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ហើយប្រទេសរុស្ស៊ី គាំទ្រខាងរដ្ឋាភិបាលស៊ីរី ដោយអាមេរិកនិងរុស្ស៊ី បានរុញច្រានភាគីរដ្ឋាភិបាលនិងឧទ្ទាមស៊ីរី អោយកាប់សម្លាប់គ្នាអស់ រយៈពេលពេញ៦ឆ្នាំកន្លងមកនេះ ។
ទាក់ទិនទៅនឹងវិបត្តិសង្គ្រាមនៅស៊ីរីនេះដែរ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកុម្ភៈឆ្នាំ២០ ១៧នេះ សន្និសីទអន្តរជាតិដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅស៊ីរី ត្រូវបានបើកធ្វើនៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។
គិតតាំងពីស៊ីរីធ្លាក់ក្នុងសង្គ្រាមស៊ីវិលហែកហួរចាប់តាំងពីឆ្នាំ២០១១កន្លងមក នេះជាលើកទី៤ហើយដែលអង្គការសហប្រជាជាតិបានរៀបចំឲ្យមានសន្និសីទនេះឡើងក្នុងគោលដៅបិទបញ្ចប់ជម្លោះនៅតំបន់ដើមបូព៌ាមួយនេះ។តែបើតាមមើលទៅ និងក៏ដូចជានៅក្នុងសន្និសីទមុនៗដែរការខ្វែងគំនិតគ្នានៅមានច្រើនដែលគេពិបាកនិយាយបញ្ចុះបញ្ចូលគូភាគីជម្លោះស៊ីរីឲ្យអង្គុយចរចាទល់មុខគ្នាបាន។
តើមានបញ្ហាចម្រូងចម្រាសអ្វីខ្លះដែលគូភាគីស៊ីរីពិបាកនិយាយចុះសម្រុងគ្នានិងថាតើសហគមន៍អន្តរជាតិអាចធ្វើអ្វីឲ្យលើសពីនេះដើម្បីសន្តិភាពនៅស៊ីរី?
សន្និសីទអន្តរជាតិលើកទី៤រៀបចំដោយអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ
ប្រទេសស្វ៊ីសដើម្បីស្វែងរកសន្តិភាពឲ្យស៊ីរីដែលគេហៅថា « ហ្សឺណែវទី៤ » ទើបចាប់ផ្តើមមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់លេចឡើងនូវក្តីអស់សង្ឃឹមបាត់ទៅហើយ។អស់សង្ឃឹមក៏ដោយសារតែនៅក្នុងពេលបើកកិច្ចប្រជុំគូភាគីជម្លោះស៊ីរីដែលមានវត្តមាននៅកន្លែងប្រជុំគឺខាងក្រុមរដ្ឋាភិបាលនិងខាងក្រុមប្រឆាំងបានបង្ហាញឲ្យឃើញរួចជាស្រេចនូវភាពមិនទុកចិត្តគ្នា។សូមជម្រាបជូនថា កិច្ចប្រជុំនេះដឹកនាំដោយលោកស្តាហ្វាន មីស្ទូរ៉ាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងស៊ីរី។
មុននឹងប្រកាសបើកសន្និសីទជាផ្លូវការលោកមីស្ទូរ៉ាបានបើកជំនួបដាច់ដោយឡែកពីគ្នាជាមួយគូបដិបក្ខស៊ីរីមុននឹងអញ្ជើញភាគីជម្លោះផ្ទៃក្នុងទាំងពីរឲ្យចូលអង្គុយតុរួមគ្នានៅក្នុងពិធីបើកសន្និសីទ។តែគេសម្គាល់ឃើញថា ភាគីទាំងពីរបានត្រឹមតែសំឡឹងមើលគ្នាទៅវិញទៅមកដោយមិនបានឆ្លើយឆ្លងសម្តីដាក់គ្នាសូម្បីតែមួយម៉ាត់ក៏គ្មានដែរ។ ទន្ទឹមគ្នានេះនៅ
ក្នុងប្រទេសស៊ីរីឯណោះ ការទម្លាក់គ្រាប់បែកពីសំណាក់ទ័ពរុស្ស៊ីនិងទ័ពរដ្ឋាភិបាលស៊ីរីលើតំបន់ក្រុមប្រឆាំងកំពុងបន្តមានដូចរៀងរាល់ថ្ងៃ។
បន្ទាប់មកកាលពីថ្ងៃសៅរ៍ទី២៥ខែកុម្ភៈដដែល ពោលគឺរយៈពេល២ថ្ងៃក្រោយសន្និសីទបើកទ្វារស្រាប់តែមានអំពើភេរវកម្មអត្តឃាតសំដៅលើអាគារទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលស៊ីរីក្នុងទីក្រុង Homs ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ៤២នាក់ ក្នុងនោះមានប្រមុខស៊ើបការណ៍សម្ងាត់យោធាស៊ីរីម្នាក់ដែលជាមនុស្សជំនិតរបស់លោកប្រធានាធិបតីស៊ីរីអាសាដ។
អំពើភេរវកម្មនេះជាស្នាដៃរបស់ចលនា Fateh al-Cham អតីតសាខាអង្គការអាល់កៃដាក្នុងទឹកដីស៊ីរី។ គេអាចនិយាយបានថាអំពើភេរវកម្មឬមួយអំពើហិង្សាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានទេព្រោះវាបានកើតមានសឹងរាល់ថ្ងៃទៅហើយ។
តែសម្រាប់លោកស្តាហ្វាន មីស្ទូរ៉ាវិញលោកមិនបានយល់ឃើញថាជារឿងចំឡែកទេ ផ្ទុយទៅវិញគឺជាទង្វើប៉ុនប៉នបំផ្លាញ និងបំពុលបរិយាកាសនៅក្នុងសន្និសីទ។លោកមីស្ទូរ៉ាបានបញ្ចេញប្រតិកម្មខ្លាំងៗថាឲ្យតែដល់ពេលមានបើកសន្និសីទម្តងៗតែងតែមានមនុស្សព្យាយាមបង្កឲ្យមានបញ្ហានៅក្នុងដំណើរស្វែងរកសន្តិភាព។ចំណាប់អារម្មណ៍បង្កប់ដោយការព្រមាននិងក្តីបារម្ភរបស់លោកមីស្ទូរ៉ាដូចនេះពិតជាមិនខុសប៉ុន្មានឡើយព្រោះថា នៅក្រោយប្រតិកម្មរបស់លោកមីស្ទូរ៉ាបន្តិចក៏មានផ្ទុះប្រតិកម្មចេញពីរបបស៊ីរីស្តីពីអំពើភេរវកម្មអត្តឃាតក្នុងទីក្រុង Homs ដែរ។
ប្រតិកម្មរបស់ទីក្រុងដាម៉ាស់បានធ្វើឡើងតាមរយៈលោកបាស្ហាអាល់យ៉ាហ្វារី អ្នកតំណាងរបស់ខ្លួននៅក្នុងកិច្ចចរចា។នៅក្នុងសន្និសីទកាសែត លោកអាល់យ៉ាហ្វារីបានសន្យាផ្តន្ទាទោសលើចលនាឬជនដែលបានរៀបចំអំពើភេរវកម្មនេះព្រមទាំងបានស្នើឲ្យអង្គការសហប្រជាជាតិនិងក្រុមប្រឆាំងចេញមុខថ្កោលទោសជាផ្លូវការលើអំពើភេរវកម្មអត្តឃាតនោះ។បន្ទាប់មកទៀតអ្នកតំណាងចរចាខាងរដ្ឋាភិបាលស៊ីរីរូបនេះបានរម្លឹកម្តងជាពីរដងថាអាទិភាពទី១ នៃកិច្ចចរចាក្នុងទីក្រុងហ្សឺណែវពេលនេះគឺនិយាយអំពីភេរវនិយម។
ជាការឆ្លើយតបវិញនៅក្នុងសន្និសីទកាសែតដាច់ដោយឡែកអ្នកតំណាងពួកប្រឆាំងបានចេញមុខថ្កោលទោសអំពើភេរវកម្មតែនិយាយជាលក្ខណៈទូទៅ ពោលមិននិយាយចំភេរវកម្មនៅក្នុងទីក្រុង Homs ទេ។ សូមជម្រាបជូនថា តាមកម្មវិធីដែលបានគ្រោងទុកសន្និសីទអន្តរជាតិត្រូវលើកប្រធានបទចំនួន ៣ ទៅជជែក ទី១ការបង្កើតរដ្ឋាភិបាលអន្តរកាល ទី២ការធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ និងទី៣កំណត់ពេលរៀបចំការបោះឆ្នោត។ ទីបំផុតកិច្ចចរចាសន្និសីទអន្តរជាតិពេលនេះបែរជាត្រូវដាក់ជំនួសដោយរឿងភេរវនិយមទៅវិញ។វិលទៅ វិលមកសន្និសីទបានឈានមកដល់ផ្លូវបំបែកមួយដែលគេមិនដឹងជ្រើសរើសផ្លូវមួយណាដើម្បីបន្តកិច្ចចរចាទេ។សូម្បីតែលោកស្តាហ្វាន មីស្ទូរ៉ាដែលធ្លាប់តែទទួលបេសកកម្មលំបាកៗនិងមានបទពិសោធន៍ជាអន្តរការីក៏ដូចជាទាល់ច្រកដែរ។
ប្រសិនបើសន្និសីទអន្តរជាតិលើកទី៤ ពេលនេះទទួលបរាជ័យដូច ៣ដងលើកមុន តើវាជាកំហុសរបស់អ្នកណា?។
មានតែតួអង្គពីរគត់ដែលជាអ្នកទទួលខុសត្រូវចំពោះបរាជ័យនេះគឺភាគីរដ្ឋាភិបាលនិងភាគីប្រឆាំងដែលបន្តមិនជ្រលក់មាត់រកគ្នាទាល់តែសោះ។ទន្ទឹមគ្នានេះ សូម្បីតែក្រុមប្រឆាំងខ្លួនឯងក៏មានដល់ទៅ៣ក្រុមសម្រាប់កិច្ចប្រជុំតែមួយ ក្នុងនោះ មួយជាក្រុមដាច់ខាតនិងពីរទៀតជាក្រុមគាំទ្រដោយប្រទេសរុស្ស៊ី។ក្រុមអ្នកការទូតបស្ចិមលោកបានយល់ឃើញដូចគ្នាថាបើភាគីជម្លោះផ្ទៃក្នុងទាំងពីរបានអង្គុយចរចាទល់មុខគ្នាទោះបីជាមិនទាន់និយាយចុះសម្រុងគ្នាក៏ដោយក៏វាជាជោគជ័យមួយធំធេងណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ៕
មតិយោបល់