បន្ទាយមានជ័យ៖ ក្មេងប្រុសស្រី២នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធម្ម ខណៈដែលឪពុកម្តាយជាប់រវល់ទៅចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ១៣ខែសីហា ឆ្នាំ២០១៩ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖កុមារីរងគ្រោះទី១ឈ្មោះ ១/-ជា ដាវរី ភេទស្រីអាយុ ៥ ឆ្នាំ មានឪពុកឈ្មោះវណ្ណ សុជាតិនិងម្ដាយឈ្មោះ ដុក ធីតាមានទីលំនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលដែលជាម្ចាស់ផ្ទះដែលកំពុងរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីនិងទី ២-ឈ្មោះត្រាំ សាន់ ភេទប្រុសអាយុ ៦ឆ្នាំ មានឪពុកឈ្មោះហេង ត្រាំនិងម្ដាយឈ្មោះង៉ាន់ លី មានទីលំនៅនៅភូមិស្វាយជ្រុំឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវជាបងប្អូនមកចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា៖មុនពេលកើតហេតុ ជិតចប់កម្មវិធីហើយនោះ ឪពុកម្ចាស់ផ្ទះ បានបាត់កូនក៏ដើររកៗមិនឃើញ ពេលនោះចុងភៅបាននិយាយប្រាប់ថា ឃើញក្មេងប្រុ-ស្រី ចំនួន២នាក់ ដើរទៅលេងនៅខាងក្រោយផ្ទះ ពេលនាំគ្នាដើរទៅរកក៏ស្រាប់ឃើញសពក្មេងទាំង២នាក់ លង់ទឹកស្លាប់នៅ គ្នុងស្រះខាងក្រោយផ្ទះ មិនដឹងតាំងពីពេលណានោះទេ។
ក្រោយកើតហេតុកម្លាំងនគរបាលក្រុងនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល ចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ ក្មេងប្រុស-ស្រីទាំង២នាក់នោះគឺពិតជាលង់ទឹកមែន ។ក្រោយពីពិនិត្យរួចបានប្រគល់សពជូនឪពុកម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យបំផុត៕ ណុប-រក្សា
មតិយោបល់