ភ្នំពេញ ៖ ដោយមើលឃើញពីវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី របស់កងកម្លាំងនគរបាលការពារព្រំដែន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សិរី បុត្រ និងលោក រស្មី សប្បុរសជននៅរាជធានីភ្នំពេញ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ (មី ៥០កេសធំ និងត្រីខ ១០កេសធំ) ទៅប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចែកជូនកងកម្លាំងដែលឈរជើងការពារតាមខ្សែក្រវ៉ាត់ព្រំដែន។
ក្នុងឱកាសនោះ សប្បុរសជនទាំងពីរ បានលើកឡើងថា ទោះបីជាអំណោយនេះ មានតិចតួចក្តីប៉ុន្តែវាកើតចេញពីទឹកជួយគ្នាក្នុងនាមជាជនរួមជាតិតែមួយ។ ហើយសង្ឃឹមថា បងប្អូនទាំងអស់នឹងយល់ពីទឹកចិត្ត និងតម្លៃដែលមិនអាចកាត់ថ្លៃបាន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចំណាយពេលវេលា និងធនធានរបស់ខ្លួន ក្នុងការរួមចំណែកសមរភូមិក្រោយ ជួយសមរភូមិមុខ។ ទាំងនេះស្តែងចេញឲ្យឃើញនូវទឹកចិត្តសាមគ្គីភាពក្នុងនាមជាជនរួមជាតិតែមួយ៕
មតិយោបល់